(បរទេស)៖ ខ្សែប្រយុទ្ធកំពុងឡើងជើង Viktor Gyokeres ថ្មីៗនេះបានបង្ខំចិត្តចែកផ្លូវជាមួយមិត្តស្រីរបស់ខ្លួន គឹនាង Ines Aguiar ដើម្បីផ្តោតតែលើការប្រកបអាជីពជាមួយក្លិបកាំភ្លើងធំ Arsenal ដែលខិតជិតផ្ទេរមកទឹកដីអង់គ្លេសមែនទែនហើយ។
យោងតាម Channel Telegram JF បានឱ្យដឹងថា ខ្សែប្រយុទ្ធអន្តរជាតិស៊ុយអែតរូបនេះ មិនចង់ចំណាយពេលច្រើនទៀត និងធ្វើគ្រប់យ៉ាងជាមួយក្លិប Sporting Lisbon របស់ព័រទុយហ្គាល់ទៀតឡើយ ខណៈលោកបានកំពុងស្វែងរកជម្រើសលេងថ្មីនៅកាំភ្លើងធំវិញម្តង។
ចំណែកឯកគេហទំព័រកីឡា BBC របស់អង់គ្លេសវិញក៏បានចេញផ្សាយនៅថ្ងៃនេះដែរថា Gyokeres កាន់តែប្រកៀក ក្នុងការផ្លាស់មកចូលរួមជាមួយ Arsenal ក្រោយពេលជួបពិភាក្សាគ្នាទល់មុខរួចមក និងអាចក្លាយជាសមាជិកថ្មីទី៣ ឆាប់ៗនេះ ក្រោយការមកដល់របស់កីឡាករចាំទី Kepa Arrizabalaga និងខ្សែបម្រើ Martin Zubimendi។
ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំធ្លាប់បានឈ្នះជើងឯកលីកព័រទុយហ្គាល់ជាមួយ Sporting កន្លងមកដែរ នៅតម្លៃផ្ទេរត្រូវបានគេប៉ាន់ប្រមាណថា ប្រហែល ៧០លានផោន ក្រោយពេល Arsenal បានចំណាយអស់ ៦៥លានផោនមកហើយទៅលើកីឡាករ ២រូបខាងលើ៕