(បាសេឡូណា)៖ អ្នកចាំទីអន្តរជាតិប៉ូឡូញ Wojciech Szczesny បានព្រមព្រៀងបន្លាយកិច្ចសន្យាថ្មីទៀតជាមួយក្លិប FC Barcelona ដល់ឆ្នាំ២០២៧ ក្រោយពេលចាកចេញពីការចូលនិវត្តន៍វិលមករួមក្រុមនៅតំបន់ Catalan មួយនេះកាលឆ្នាំ២០២៤។

វាមានរយៈពេលត្រឹមតែ ២ខែប៉ុណ្ណោះ ក្រោយពេលប្រកាសចូលនិវត្តន៍ឈប់លេងបាល់នាអំឡុងខែសីហា ឆ្នាំ២០២៤ ដែលបានក្លាយជាជម្រើសដំបូង ក្នុងក្រុមអ្នកមានបុណ្យ ក្រោយពេលកីឡាករចាំទីដៃទី១ សញ្ជាតិអាល្លឺម៉ង់ Marc-Andre ter Stegen បានរងរបួសដោយអវត្តមានស្ទើរពេញ ១រដូវកាលមុន។

ក្នុងរដូវកាលដំបូងនៅ Camp Nou កីឡាករវ័យចាស់វស្សាវ័យ ៣៥ឆ្នាំរូបនេះ បានរួមចំណែកជួយ Barcelona ឈ្នះជើងឯក La Liga និង Copa del Rey ដែលអាចចាត់ទុកថា ជាការចុះកិច្ចសន្យាដ៏ត្រឹមត្រូវចំពោះក្លិប និងការសម្រេចចិត្តដ៏ត្រឹមត្រូវផងដែរសម្រាប់កីឡាករ។

បើនិយាយពីកិច្ចសន្យាថ្មីរបស់ Szczesny នេះដែរ វាអាចជះឥទ្ធិពលបន្ថែមទៀតជុំវិញអនាគតរបស់ Ter Stegen នៅឯ Barcelona ដ្បិតក្រុមជើងឯកលីគ La Liga រដូវកាលមុនមួយនេះ បានចុះកិច្ចសន្យានាំយកកីឡាករចាំទី Joan Garcia ពីក្លិបគូប្រជែង Espanyol នាអំឡុងខែមិថុនា ឆ្នាំ២០២៥ ស្របពេលកីឡាករចាំទីអេស្ប៉ាញម្នាក់ទៀត Inaki Pena វ័យ ២៦ឆ្នាំ ក៏កាន់តែខិតជិតផ្លាស់មក Camp Nou ដែរ៕