(ចិន)៖ ព្រឹត្តិការណ៍ប្រកួតលក្ខណៈមិត្តភាពជាតិ និងអន្តរជាតិរវាងកម្ពុជា និងចិន កាលពីយប់មិញនេះ ពិតជាបានបន្សល់ទុកនូវទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើល និងមោទកភាពយ៉ាងខ្លាំង។ ការប្រកួតដ៏កក្រើកមួយនេះ បានទាក់ទាញអ្នកទស្សនារហូតដល់ទៅ ៤២មុឺននាក់ តាមរយៈបណ្តាញផ្សព្វផ្សាយរបស់ប្រទេសចិន ដែលជាតួលេខដ៏ខ្ពស់មិនធ្លាប់មាន និងបានបង្ហាញពីសក្តានុពលដ៏ធំធេងនៃវិស័យកីឡាប្រដាល់គុនខ្មែររបស់កម្ពុជា។
ការប្រកួតដ៏អស្ចារ្យរវាងកីឡាករ «គុនខ្មែរ» របស់កម្ពុជា និងកីឡាករមកពីប្រទេសចិន មិនត្រឹមតែជាការបង្ហាញសមត្ថភាពកីឡាប៉ុណ្ណោះទេ ថែមទាំងបានពង្រឹងចំណងមិត្តភាព ដ៏រឹងមាំរវាងប្រទេសទាំងពីរ កម្ពុជា-ចិន លើគ្រប់វិស័យ ជាពិសេសវិស័យកីឡាគុនខ្មែរ រវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងស្ថាប័ន Emei Legend របស់ចិន។ ព្រឹត្តិការណ៍នេះក៏ជាឱកាសដ៏ល្អមួយ ដើម្បីបង្ហាញពីការរីកចម្រើន គួរឱ្យកត់សម្គាល់នៃក្បាច់គុន និងកីឡាប្រដាល់របស់ប្រទេសទាំងពីរ ដែលបានវិវត្តន៍ខ្លួនឈានទៅមុខជាលំដាប់។
លើសពីនេះ តួលេខនៃការទស្សនាដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានបញ្ជាក់យ៉ាងច្បាស់ពីប្រជាប្រិយភាពនៃកីឡាប្រដាល់គុនខ្មែរ ដែលកំពុងតែរីកសាយភាយកាន់តែខ្លាំងឡើង។ ព្រឹត្តិការណ៍មិត្តភាពអន្តរជាតិបែបនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការ លើកស្ទួយក្បាច់គុនបុរាណ របស់ខ្មែរឱ្យកាន់តែល្បីល្បាញលើឆាកអន្តរជាតិ ព្រមទាំងទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រកីឡា និងអ្នកទេសចរអន្តរជាតិ។ ការផ្សព្វផ្សាយតាមបណ្តាញចិន បានជួយជំរុញ វិស័យទេសចរណ៍ កម្ពុជា តាមរយៈការបង្ហាញវប្បធម៌ និងសក្តានុពលរបស់ប្រទេសទៅកាន់ពិភពលោក។
នៅពីក្រោមភាពជោគជ័យនៃព្រឹត្តិការណ៍នេះ តែងតែមានវត្តមានរបស់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ដែលក្រុមហ៊ុនកូនខ្មែរ តែងតែលេចមុខជានិច្ចក្នុងការចូលរួមឧបត្ថម្ភគ្រប់សកម្មភាពកីឡាផ្សេងៗ ជាពិសេសកីឡាប្រដាល់គុនខ្មែរ ក្នុងការលើកកម្ពស់គុនខ្មែរយើងឲ្យកាន់តែរីកចម្រើនទៅមុខឥតឈប់ឈរ។ ការគាំទ្រដ៏ប្រពៃនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាប្រដាល់គុនខ្មែរ និងវប្បធម៌ជាតិ ដែលបានធ្វើឱ្យព្រឹត្តិការណ៍ដ៏ធំនេះអាចប្រព្រឹត្តទៅបានយ៉ាងរលូន និងទទួលបានលទ្ធផលជាទីគាប់ចិត្ត។
សរុបមក ព្រឹត្តិការណ៍ប្រកួតគុនខ្មែរ-ចិន កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ នេះ មិនត្រឹមតែជាការប្រកួតកីឡាមួយធម្មតានោះទេ តែក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបានពង្រឹងមិត្តភាព បង្ហាញការរីកចម្រើន លើកស្ទួយក្បាច់គុនជាតិ និងជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែល្បីល្បាញលើឆាកអន្តរជាតិ៕