(ភ្នំពេញ)៖ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានប្ដេជ្ញាបន្ដការអភិវឌ្ឍវិស័យកីឡានេះឲ្យកាន់តែខ្លាំង ស្របពេលមន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា ជឿជាក់ក្នុងអាណត្តិថ្មីរបស់សហព័ន្ធ នឹងមានការអភិវឌ្ឍកាន់តែរីកចម្រើន ដើម្បីរក្សាបាននូវសក្ដានុពលដ៏ខ្លាំងក្លារបស់ខ្លួន ដែលសម្រេចបាននៅលើឆាកអន្ដរជាតិនាពេលកន្លងមក។

ការប្ដេជ្ញាចិត្តខាងលើ បន្ទាប់ពីលោកទទួលបានការគាំទ្របន្ដធ្វើជាប្រធានសហព័ន្ធ អាណត្តិថ្មី ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៤ (២០២១-២០២៥) និងបន្ដអាណត្តិទី៥ (២០២៥-២០២៩) នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) កាលពីល្ងាចថ្ងៃទី៧ ខែកក្កដាកន្លងទៅ ។ អង្គមហាសន្និបាតនេះ ក៏មានការអញ្ជើញចូលរួមជាសក្ខីភាពពីសំណាក់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ផងដែរ។

ប្រធានសហព័ន្ធដដែលបន្ដថា ការបន្ដតំណែងនេះ គឺជារឿងល្អ តែក៏ជាអំរែកធ្ងន់មួយ ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធ និងសមាជិកគណៈកម្មាធិការប្រតិបត្តិទាំងមូល ដែលត្រូវធ្វើការរួមគ្នា ជំរុញការអភិវឌ្ឍវិស័យកីឡាវ៉ូវីណាមកម្ពុជា ឲ្យរក្សាបាននូវភាពរីកចម្រើន ទាំងផ្នែកបច្ចេកទេស និងធនធានមនុស្ស ពិសេសគឺពង្រឹងនូវធនធានកីឡាករ-កីឡាការិនី ទាំងក្រុមជម្រើសជាតិឈុតធំ និងធនធានថ្នាលបន្ដវេន ដើម្បីត្រៀមចូលរួមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា។

លោកថា «អាណត្តិទី៥នេះ យើងមានទិសដៅអភិវឌ្ឍជាច្រើន ដូចជា ១.ការអភិវឌ្ឍ និងពង្រឹងបច្ចេកទេសបន្ថែមដល់កីឡាករ-កីឡាការិនីជម្រើសជាតិ ២.ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីអាជ្ញាកណ្តាល-ចៅក្រម ដើម្បីឆ្លើយតបនឹងការប្រកួតកម្រិតអន្តរជាតិ ៣.ជំរុញឲ្យមានការប្រកួតកាន់តែច្រើន នៅក្នុង និងក្រៅស្រុក និង ៤.ការខិតខំកៀគរបណ្ដាសប្បុរសជននានា ដើម្បីឧបត្ថម្ភគាំទ្រ លើកទឹកចិត្ត និងជំរុញការអភិវឌ្ឍវិស័យកីឡាវ៉ូវីណាមកម្ពុជា ឲ្យកាន់តែរីកចម្រើន និងរក្សាបាននូវសក្ដានុពលលើឆាកអន្ដរជាតិ»។

ឆ្លៀតឱកាសនោះដែរ លោក វ៉ាត់ ចំរើន បានអបអរសាទរ ចំពោះសមាជិកគណៈកម្មាធិការប្រតិបត្តិ អាណត្តិថ្មី របស់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ដែលមានលោក អ៊ូ រតនា បន្ដជាប់ធ្វើជាប្រធាន ។ លោកបានវាយតម្លៃខ្ពស់ ចំពោះការខំប្រឹង និងសមិទ្ធផលដ៏ត្រចះត្រង់ ដែលសហព័ន្ធសម្រេចបានក្នុងអាណត្តិចាស់ ពិសេសជោគជ័យដ៏ធំធេងក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ដែលបញ្ជាក់យ៉ាងច្បាស់ពីភាពរឹងមាំផ្នែកបច្ចេកទេស ក៏ដូចជាការវិវឌ្ឍន៍ និងរីកចម្រើននៃកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជា ហើយស្ថិតក្នុងចំណាត់ថ្នាក់សហព័ន្ធមានសក្ដានុពលទៀតផង។

តាមរយៈនេះ មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំខាងលើ រំពឹងគណៈកម្មាធិការប្រតិបត្តិអាណត្ដិថ្មី នឹងបន្ដពួតដៃគ្នាកាន់តែខ្លាំង ដើម្បីរក្សាបាននូវសក្តានុពលទាំងអស់នេះ ក៏ដូចជាបន្តបេសកម្មជោគជ័យថ្មីៗជូនជាតិមាតុភូមិ។ ដោយឈរលើចក្ខុវិស័យ និងផែនការយុទ្ធសាស្ដ្រដ៏ច្បាស់លាស់ ព្រមទាំងការសាមគ្គីភាព និងឯកភាពផ្ទៃក្នុងល្អ ក៏ដូចជាការកៀករការឧបត្ថម្ភគាំទ្រដ៏ល្អ លោកជឿជាក់ថា សហព័ន្ធនឹងអាចសម្រួចបាននូវគុណផលបច្ចេកទេសកាន់តែរឹងមាំ ដើម្បីទទួលបាននូវភាពជោគជ័យ និងសមិទ្ធផលល្អៗបន្ថែមទៀត ទាំងការប្រកួតកម្រិតតំបន់ ទ្វីប និងពិភពលោក ខណៈក្រសួង ពិសេសរាជរដ្ឋាភិបាល នៅបន្ដការឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តជានិច្ច។

គួរដឹងថា ក្នុងអាណត្តិទី៥ របស់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ក្រៅពីមានលោក អ៊ូ រតនា ជាប្រធាន គឺមានអនុប្រធាន ៩រូប ដោយមានលោក លី ចាន់សុភក្ដី ជាអគ្គលេខាធិការ ព្រមទាំងអគ្គលេខាធិការរង អគ្គហិរញ្ញិក អគ្គហិរញ្ញិករង និងសមាជិកសរុបចំនួន ២៣រូប ដែលត្រូវបន្ដធ្វើការរួមគ្នា ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាវ៉ូវីណាមកម្ពុជា។ សម្រាប់បេសកកម្មចំពោះមុខ ក្នុងអាណត្តិថ្មីនេះដែរ គឺសហព័ន្ធនឹងបញ្ជូនប្រតិភូ អត្តពលិក ជាច្រើន ចូលរួមការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក ឆ្នាំ២០២៥ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នាខែវិច្ឆិកាខាងមុខ៕