(បរទេស)៖ ក្រុមហ៊ុន Huawei បានចេញសេចក្តីថ្លែងការណ៍បដិសេធការចោទប្រកាន់ថា ម៉ូដែលបញ្ញាសិប្បនិម្មិត (AI) Pangu Pro របស់ខ្លួនបានចម្លងធាតុផ្សំពីម៉ូដែល Qwen របស់ក្រុមហ៊ុន Alibaba ដោយអះអាងថាវាត្រូវបានអភិវឌ្ឍ និងបណ្តុះបណ្តាលដោយឯករាជ្យ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។
ការបដិសេធនេះកើតឡើងបន្ទាប់ពីអង្គភាពមួយឈ្មោះ HonestAGI បានចេញផ្សាយឯកសារមួយនៅលើ Github នៅថ្ងៃសុក្រសប្តាហ៍មុន ដោយលើកឡើងថា ម៉ូដែល Pangu Pro Moe (Mixture of Experts) របស់ Huawei មាន «ទំនាក់ទំនងមិនធម្មតា» ជាមួយ Qwen 2.5 14B របស់ Alibaba។ HonestAGI បានបង្ហាញថា ម៉ូដែលរបស់ Huawei អាចត្រូវបានបង្កើតឡើងតាមរយៈ «upcycling» ហើយមិនបានបណ្តុះបណ្តាលពីដំបូងឡើយ ដែលបង្កឱ្យមានការជជែកវែកញែកនៅក្នុងរង្វង់ AI និងប្រព័ន្ធផ្សព្វផ្សាយបច្ចេកវិទ្យាចិន។ ឯកសារនោះក៏បានចង្អុលបង្ហាញពីការរំលោភបំពានសិទ្ធិថតចម្លង ការបន្លំព័ត៌មាននៅក្នុងរបាយការណ៍បច្ចេកទេស និងការអះអាងមិនពិតអំពីការវិនិយោគរបស់ Huawei ក្នុងការបណ្តុះបណ្តាលម៉ូដែលនេះ។
ជាការឆ្លើយតប មន្ទីរពិសោធន៍ Noah Ark Lab របស់ Huawei បានបញ្ជាក់ថា ម៉ូដែលរបស់ពួកគេត្រូវបានអភិវឌ្ឍ និងបណ្តុះបណ្តាលដោយឯករាជ្យ ដោយមិនផ្អែកលើការបណ្តុះបណ្តាលបន្ថែមពីម៉ូដែលរបស់អ្នកផលិតផ្សេងទៀតឡើយ។ ពួកគេបានសង្កត់ធ្ងន់ថា Pangu Pro Moe មាន «ការច្នៃប្រឌិតសំខាន់ៗក្នុងការរចនាស្ថាបត្យកម្ម និងលក្ខណៈបច្ចេកទេស» ហើយថាវាគឺជាម៉ូដែលខ្នាតធំដំបូងគេដែលត្រូវបានបង្កើតឡើងទាំងស្រុងនៅលើបន្ទះឈីប Ascend របស់ Huawei ។ ក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា ក្រុមអភិវឌ្ឍន៍របស់ពួកគេបានប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវតម្រូវការអាជ្ញាប័ណ្ណ open-source សម្រាប់កូដភាគីទីបីណាមួយដែលបានប្រើប្រាស់។
រហូតមកដល់ពេលនេះ ក្រុមហ៊ុន Alibaba មិនទាន់មានការឆ្លើយតបណាមួយចំពោះសំណួររបស់ Reuters នៅឡើយទេ។ ទីភ្នាក់ងារ Reuters ក៏មិនអាចទាក់ទង HonestAGI ឬស្វែងរកព័ត៌មានអំពីអ្នកនៅពីក្រោយអង្គភាពនោះបានដែរ។
គួរកត់សម្គាល់ថា ម៉ូដែល Qwen 2.5-14B របស់ Alibaba ត្រូវបានចេញផ្សាយនៅក្នុងខែឧសភា ឆ្នាំ២០២៤ ហើយអាចដាក់ឱ្យប្រើប្រាស់បាននៅលើកុំព្យូទ័រ និងស្មាតហ្វូន។ ទោះបីជា Huawei បានចូលប្រឡូកក្នុងវិស័យម៉ូដែលភាសាធំតាំងពីឆ្នាំ២០២១ ជាមួយនឹងការចេញផ្សាយ Pangu ដើមរបស់ខ្លួនក៏ដោយ ក៏ក្រុមហ៊ុននេះត្រូវបានគេមើលឃើញថា ហាក់យឺតយ៉ាវជាងគូប្រជែងមួយចំនួន។ កាលពីចុងខែមិថុនា Huawei បានដាក់ Pangu Pro Moe របស់ខ្លួនជា open-source នៅលើវេទិកាអ្នកអភិវឌ្ឍន៍ចិន GitCode ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យា AI របស់ខ្លួនដោយផ្តល់សិទ្ធិចូលប្រើដោយឥតគិតថ្លៃដល់អ្នកអភិវឌ្ឍន៍។ ខណៈម៉ូដែល Qwen របស់ Alibaba ផ្តោតសំខាន់លើអ្នកប្រើប្រាស់ទូទៅ និងមានសេវាកម្ម chatbot ដូចជា ChatGPT ម៉ូដែល Pangu របស់ Huawei ត្រូវបានប្រើប្រាស់ច្រើនជាងនៅក្នុងវិស័យរដ្ឋាភិបាល ហិរញ្ញវត្ថុ និងឧស្សាហកម្មផលិតកម្ម៕