(ភ្នំពេញ)៖ ក្រុមកីឡាកាយសម្ព័ន្ធ ផ្នែកអាទិស្ទិក(Artistic) ចំនួន ៤រូប រួមមានលោក ផុន សុខជា គ្រួជំនួយ ព្រមទាំងកីឡាករ ទែន វ៉ាន់ដេត, យ៉ន មង្គល និង រេត លីម៉េង បានទទួលអាហារូបករណ៍ទៅហ្វឹកហាត់រយៈពេលវែង នៅសាលាកីឡា Shantou Sports School ស្ថិតនៅខេត្ត Guangdong សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាចុងឆ្នាំ២០២៥ នេះ ក៏ដូចជាត្រៀមការប្រកួតអន្ដរជាតិនានា។
ក្នុងការឱកាសដឹកនាំកីឡាករ ទៅកាន់ជំរំហ្វឹកហាត់នាប្រទេសចិន នៅព្រឹកថ្ងៃទី៨ ខែកក្កដានេះ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានឲ្យដឹងថា បេសកកម្មបោះជំរំហ្វឹកហាត់ក្រៅប្រទេសនេះ កើតចេញពីការខិតខំប្រឹងប្រែងស្វែងរកការគាំទ្ររបស់លោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាប្រធានសហព័ន្ធ ដោយទទួលបានអាហារូបករណ៍ពីលោកបណ្ឌិត Gordon Tang អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកកមម្ពុជា។
ការហ្វឹកហាត់មានរយៈពេលជិត ៥ខែ ចាប់ពីថ្ងៃដំណើរ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ ក្នុងនោះកីឡាករ ២រូប នឹងត្រូវហ្វឹកហាត់ និងពង្រឹងសមត្ថភាពត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាចុងឆ្នាំ២០២៥ គ្រាដែលកីឡាករវ័យក្មេង ២រូបទៀត នឹងត្រូវហ្វឹកហាត់ត្រៀមការប្រកួតយុវជនកម្រិតអន្ដរជាតិ ទាំងក្នុង និងក្រៅតំបន់ផ្សេៗ។ នេះគឺជាឱកាសដ៏ល្អ សម្រាប់កីឡាករកាយសម្ព័ន្ធអាទិស្ទិកកម្ពុជា ក្នុងការកសាងសមត្ថភាព ដ្បិតកន្លងមកពួកគេ ក៏ធ្លាប់បោះជំរំហ្វឹកហាត់នៅចិនផងដែរ។
លោក ណយ ផាណា បន្ដថា សម្រាប់ប្រភេទកីឡាអូឡាំពិក ពិសេសវិញ្ញាសាកាយសម្ព័ន្ធអាទិស្ទិក ទោះបីការហ្វឹកហាត់មានការលំបាក និងត្រូវការពេលវេលា តែការកើនឡើងនៃផ្នែកបច្ចេកទេស ពិតជាសំខាន់ ជាក់ស្ដែងការហ្វឹកហាត់នៅចិនកន្លងមក កីឡាករកម្ពុជាមានការកើនឡើងគុណផលអាចទទួលបាន។ ដូច្នេះការបន្ដចេញទៅហ្វឹកហាត់នៅចិនលើកនេះ លោកសង្ឃឹមថា នឹងអាចពង្រឹងគុណផលខ្លួនបានកាន់តែល្អប្រសើរ ដើម្បីឈានទៅដណ្ដើមលទ្ធផលល្អ និងមេដាយជូនជាតិនាពេលខាងមុខ។
លោកបន្ថែមថា «ទៅលើកនេះ មានរយៈពេលយូរ និងល្អសម្រាប់ពួកគាត់ ដែលត្រៀមស៊ីហ្គេមចុងឆ្នាំនេះ ។ ខ្ញុំគិតថា ក្រុមគាត់ដាក់ចិត្តខិតខំហ្វឹកហាត់បានល្អ និងមានគ្រូល្អចាំជួយនៅទីនោះ។ អ៊ីចឹងជាក្ដីសង្ឃឹម យ៉ាងហោចក៏មានការកើនឡើងគុណផលកាន់តែល្អប្រសើរ។ ខ្ញុំបានណែនាំ និងផ្ដាំផ្ញើពួកគាត់ថា រយៈពេលជិត ៥ខែនេះ គឺចំណាយច្រើនណាស់។ ដូច្នេះត្រូវខិតខំហ្វឹកហាត់ឲ្យបានខ្លាំង ដើម្បីតបស្នងចំពោះលោកបណ្ឌិត Gordon Tang ក៏ដូចជាឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ដែលលោកបានខិតខំប្រឹងប្រែង គឺគ្មានអ្វីក្រៅពីការស្វែងរកមេដាយ និងលទ្ធផលល្អជូនពួកគាត់ទេ»។
សម្រាប់ស៊ីហ្គេម លើកទី៣៣ ដែលថៃនឹងធ្វើម្ចាស់ផ្ទះ នាចុងឆ្នាំ២០២៥ នេះ ក៏មានវិញ្ញាសាកាយសម្ព័ន្ធអាទិស្ទិកផងដែរ ។ ការណ៍នេះ សហព័ន្ធ ក្រោមការដឹកនាំរបស់លោកបណ្ឌិត ថោង ខុន បាននឹងកំពុងខិតខំពង្រឹងការហ្វឹកហាត់ដល់អត្តពលិករបស់ខ្លួនជាខ្លាំង ដើម្បីជំរុញសមត្ថភាព និងបច្ចេកទេសត្រៀមចូលរួមប្រកួតប្រជែងជាមួយអត្តពលិកក្នុងតំបន់ផ្សេងទៀត ដែលមានកម្រិត Qualifier Olympic ហើយអ្នកខ្លះបានឈានដល់ឈ្នះមេដាយមាសអូឡាំពិក នៅក្នុងព្រឹត្តិការណ៍ប្រចាំតំបន់ ២ឆ្នាំម្ដងនាពេលខាងមុខ។
គួរដឹងថា លោកបណ្ឌិត Gordon Tang បច្ចុប្បន្ន លោកក៏ជាអនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ីផងដែរ ។ កន្លងមកលោកបានរួមចំណែកយ៉ាងច្រើន ក្នុងកិច្ចការអភិវឌ្ឍវិស័យកីឡា ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស រហូតមានការអភិវឌ្ឍគុណផលកីឡាកម្រិតខ្ពស់គួរឲ្យកត់សម្គាល់ និងដណ្ដើមបាននូវមេដាយលើឆាកអន្ដរជាតិជាបន្ដបន្ទាប់ទៀតផង។ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាពេលកន្លងទៅ លោកក៏បានជម្រាបជូនសម្ដេចធិបតី អំពីការប្ដេជ្ញាចិត្តបន្ដនូវការគាំទ្រអភិវឌ្ឍវិស័យកីឡាកម្ពុជា ក៏ដូចជាំគាំទ្រដល់ការរៀបចំការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា តាមរយៈការបញ្ជូនអត្តពលិកកម្ពុជា ទៅប្រកួត និងហ្វឹកហាត់នៅក្រៅប្រទេសផងដែរ៕