(ភ្នំពេញ)៖ សមាគមនិសិ្សតវិទ្យាសាស្រ្តសេដ្ឋកិច្ច និង ពាណិជ្ជកម្មអន្តរជាតិ (AIESEC) នៅកម្ពុជា នឹងរៀបចំកម្មវិធី «យុវទិវាសតវត្សទី២១» ដែលរៀបចំឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៩:០០នាទីព្រឹក ដល់ម៉ោង ៥:០០ នាទីរសៀលនៅហ្វេកធើរីភ្នំពេញ Factory Phnom Penh។

កម្មវិធី យុវទិវាសតវត្សទី២១ បង្កើតឡើងដើម្បីជួយសិស្សានុសិស្សដែលកំពុងត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងនិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យ​ ឱ្យទទួលបានបទពិសោធន៍ក្នុងសង្គម និងចំណេះដឹងបន្ថែមក្នុងការសម្រេចចិត្ត​ប្រកបដោយភាពជឿជាក់ក្នុងការបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ និងការជ្រើសរើសអាជីពរបស់​ពួកគេនៅក្នុងសតវត្សទី២១ ព្រមទាំងផ្តល់ឱកាសដល់ក្រុមការងារជំនាញ, ​អ្នកពាក់ព័ន្ធក្នុងវិស័យអប់រំ​ និងការងារ ផ្តល់ព័ត៌មានត្រឹមត្រូវក្នុង​ការជ្រើសរើសមុខជំនាញដែលសមស្រប និងទិដ្ឋភាពសង្គមយើងនាពេលបច្ចុប្បន្ន។

លើសពីនេះកម្មវីធី «យុវទិវាសតវត្សទី២១» ត្រូវបានបង្កើតឡើងជាពិសេសដើម្បីភា្ជប់យុវជន ជាមួយជំនាញនៅក្នុងសតវត្សទី​ ២១ ដែលអាចដើរតួនាទីជាប្រយោជន៍នាពេលអនាគតសម្រាប់យុវជនកម្ពុជា និងស្វែងរកទីផ្សារការងារដែលកំពុងវិវត្តនាពេលបច្ចុប្បន្ន និងតម្រូវការជំនាញនាពេលអនាគតតាមរយៈសិកា្ខសាលា កិច្ចពិភាក្សាដែល និង​មានការចូលរួមដោយវាគ្មិនដែលមកពីវិស័យផ្សេងៗគ្នា និងបង្កើនការទំនាក់ទំនងជាមួយយុវជនផ្សេងៗទៀតនៅក្នុងកម្មវិធី។

គួរបញ្ជាក់ផងដែរថា «យុវទិវាសតវត្សទី២១» ត្រូវបានផ្តួចផ្តើមដោយយុវជនស្ម័គ្រចិត្តរបស់ សមាគមនិស្សិតវិទ្យាសាស្ត្រ សេដ្ឋកិច្ច និង ពាណិជ្ជកម្មអន្តរជាតិ (AIESEC) នៅកម្ពុជាក្នុងឆ្នាំ ២០២១ ដែលប្រព្រឹត្តឡើងក្នុងគោលបំណងបង្ហាញពីតួនាទីរបស់យុវជនក្នុងការអភិវឌ្ឍជាតិ និងសង្គម ជាពិសេសក្នុងវិស័យអប់រំ នវានុវត្តន៍ និងនិរន្តរភាព។ កម្មវិធីនេះបានធ្វើឡើងស្របតាមប្រធានបទសកល រួមទាំងមានការផ្តោតសំខាន់របស់អង្គការសហប្រជាជាតិ។ ដោយសារបញ្ហាប្រឈមនៃការរាតត្បាតជម្ងីកូវីដ-១៩ សកម្មភាពជាច្រើនបានប្រពឹត្តតាមប្រព័ន្ធអ៊ីនធឺណិត រួមទាំងវេទិកា ការពិភាក្សា និងយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានគោលបំណងលើកទឹកចិត្តដល់ការចូលរួមរបស់យុវជនក្នុងកំណើនសេដ្ឋកិច្ច ការអភិរក្សបរិស្ថាន និងការច្នៃប្រឌិតតាមបច្ចេកវិទ្យា។ បេសកម្មរបស់យុវជនសតវត្សទី២១ គឺ ផ្តល់អោយយុវជនកម្ពុជា ​ក្នុងការសិក្សានូវបំណិនទន់ និងជំនាញវិជ្ជាជីវ ទំនាក់ទំនងក្នុងសតវត្សទី២១ និង ការប្រាស្រ័យទាក់ទងគ្នា បន្ថែមក្រៅពីការសិក្សានៅសាកលវិទ្យាល័យ ជាមួយនឹងជំនាញ ការយល់ដឹង និងទំនាក់ទំនងក្នុងសតវត្សទី ២១ ដែល​ពួកគេត្រូវការដើម្បីកំណត់អនាគតប្រកបដោយទំនុកចិត្ត​ តាមរយៈសិក្ខាសាលា និងការចែករំលែក ប​ទពិសោធន៍ពីយុវជន ក្រុមអ្នកដឹកនាំ និង វាគ្មិនល្បីៗ។

ព្រឹត្តិការណ៍សំខាន់ៗ៖ 
* វគ្គបណ្តុះបណ្តាលពីអ្នកជំនាញ និងវាគ្មិនល្បីៗទៅលើជំនាញដូចជា បញ្ញាសិប្បនិម្មិត (AI), កូដ, ការគិត និងនវានុវត្តន៍
* ការចែករំលែកបទពិសោធន៍ពីយុវជន
* វេទិកាពិភាក្សាពីអ្នកដឹកនាំ និងវាគ្មិនល្បីៗ
* ការតាំងពិព័រណ៍ ពីបណ្តាក្រុមហ៊ុនល្បីៗ និងសហគ្រិនអំពីបច្ចេកវិទ្យាផ្សេងៗ សម្រាប់យុវជនស្រាវជ្រាវយល់ ព្រមទាំងឱកាសបង្កើតទំនាក់ទំនងជាមួយសហគ្រិនផ្សេងៗ

សម្រាប់ព័ត៌មានបន្ថែមអំពី «យុវទិវាសតវត្សទី២១» លោកអ្នកអាចធ្វើការទាក់ទងមកកាន់ក្រុមការងាររៀបចំកម្មវិធី៖ ០៨៦ ៤៦៤​ ៦៦៤ / ០១៧ ៤៩៤ ៩៤៤៕