(បរទេស)៖ នៅថ្ងៃចន្ទដើមសប្តាហ៍នេះភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla បានធ្លាក់ចុះជិត ៨% បន្ទាប់ពីលោក Elon Musk ប្រកាសបង្កើតគណបក្សនយោបាយថ្មីឈ្មោះថា «America Party»។ ការវិវត្តន៍នេះបានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីវិនិយោគិន ទាក់ទងនឹងការប៉ះពាល់លើការប្រតិបត្តិការនៃក្រុមហ៊ុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥។

ភាគហ៊ុន Tesla បានបាត់បង់តម្លៃលើទីផ្សារជាង ៨០ពាន់លានដុល្លារក្នុងមួយថ្ងៃ។ ការចិញ្ចឹមចិត្តប្រឡូកក្នុងនយោបាយរបស់ Elon Musk នេះ បានកើតឡើងពេលក្រុមហ៊ុនកំពុងប្រឈមមុខនឹងការលក់រថយន្តធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំជាប់ៗគ្នា។ អ្នកវិភាគជាច្រើនយល់ថា ការប្រឡូកក្នុងនយោបាយរបស់ Elon Musk អាចបំផ្លាញអនាគត Tesla ពិសេសក្នុងវិស័យបច្ចេកវិទ្យាថ្មីៗដូចជា AI។ លោក Musk ដែលជាមហាសេដ្ឋីមានជាងគេលើពិភពលោក និងជាម្ចាស់ជំនួយនយោបាយធំបំផុតរបស់លោក ត្រាំ ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២៤ បានបែកបាក់សម្ព័ន្ធភាពជាមួយលោកប្រធានាធិបតីអាមេរិក បន្ទាប់ពីបានដឹកនាំកិច្ចប្រឹងប្រែងរបស់រដ្ឋបាលលោក ត្រាំ ក្នុងការកាត់បន្ថយការចំណាយនិងជម្រុះបុគ្គលិកសហព័ន្ធ ក្នុងនាមជាប្រធានអង្គភាពប្រសិទ្ធភាពរដ្ឋាភិបាល ហៅកាត់ថា DOGE។ លោក Donald Trump បានចាត់ទុកគម្រោង «One Big Beautiful Bill Act» របស់ Musk ជាការសម្តែង «គួរឱ្យអស់សំណើច» ហើយបានដាក់កំហិតលើជំនួយថវិកាដល់វិស័យរថយន្ត EV។

វិនិយោគិនកំពុងបារម្ភថា ការចាប់ផ្តើមគម្រោងនយោបាយថ្មីរបស់ Elon Musk អាចធ្វើឲ្យលោកប្រែចិត្តពីការដឹកនាំ Tesla ដោយផ្ទាល់។ ក្រុមប្រឹក្សាភិបាលនៃ Tesla ក៏កំពុងចង់ឲ្យមានការពិនិត្យឡើងវិញពីតួនាទីរបស់ Musk និងការបែងចែកការងាររវាងសាធារណៈនិងឯកជន។ ទោះជាយ៉ាងណាក៏ដោយ វាមិនទាន់ច្បាស់នោះទេថា តើគណបក្សថ្មីខាងលើរបស់លោក Musk នឹងអាចជះឥទ្ធិពលកម្រិតណាទៅលើ ការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅឆ្នាំ២០២៦ ឬមួយក៏ទៅលើការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ២០២៨៕