(បរទេស)៖ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានប្ដឹងឧទ្ធរណ៍ជំទាស់នឹងការផាកពិន័យចំនួន ៥០០ លានអឺរ៉ូ (ប្រហែល ៥៨៧ លានដុល្លារ) ដែលត្រូវបានពិន័យដោយនិយតករសហភាពអឺរ៉ុប (EU) ទៅកាន់តុលាការកំពូលទី២។ ការផាកពិន័យនេះ គឺដោយសារ Apple ត្រូវបានចោទប្រកាន់ថា បានរំលោភលើច្បាប់ទីផ្សារឌីជីថល (Digital Markets Act) ដែលមានគោលបំណងទប់ស្កាត់អំណាចរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ (Big Tech)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥។
គណៈកម្មការអឺរ៉ុបបានសម្រេចកាលពីខែមេសាថា ការរឹតបន្តឹងផ្នែកបច្ចេកទេស និងពាណិជ្ជកម្មរបស់អ្នកផលិត iPhone ដែលរារាំងអ្នកអភិវឌ្ឍន៍កម្មវិធីពីការណែនាំអ្នកប្រើប្រាស់ទៅកាន់កិច្ចព្រមព្រៀងដែលមានតម្លៃថោកនៅក្រៅ App Store គឺបានបំពានច្បាប់ខាងលើ។
ក្រុមហ៊ុន Apple ដែលធ្លាប់បានបញ្ជាក់រួចមកហើយថា ខ្លួននឹងស្វែងរកដំណោះស្រាយផ្លូវច្បាប់ បានដាក់ពាក្យបណ្ដឹងរបស់ខ្លួននៅថ្ងៃចន្ទ ដែលជាថ្ងៃផុតកំណត់សម្រាប់ការដាក់ពាក្យបណ្ដឹង។ ក្រុមហ៊ុនបានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ថ្ងៃនេះ យើងបានដាក់ពាក្យប្ដឹងឧទ្ធរណ៍ ពីព្រោះយើងជឿថាការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុប – និងការផាកពិន័យដែលមិនធ្លាប់មានពីមុនមកនេះ – គឺហួសពីអ្វីដែលច្បាប់តម្រូវ»។ ក្រុមហ៊ុនបន្តទៀតថា៖ «ដូចដែលការប្ដឹងឧទ្ធរណ៍របស់យើងនឹងបង្ហាញ គណៈកម្មការអឺរ៉ុបកំពុងតម្រូវឱ្យយើងគ្រប់គ្រងហាងរបស់យើង និងបង្ខំលក្ខខណ្ឌអាជីវកម្មដែលបង្កឱ្យមានការភាន់ច្រឡំសម្រាប់អ្នកអភិវឌ្ឍន៍ និងមានផលអាក្រក់សម្រាប់អ្នកប្រើប្រាស់។ យើងបានអនុវត្តរឿងនេះដើម្បីជៀសវាងការផាកពិន័យប្រចាំថ្ងៃ ហើយនឹងចែករំលែកការពិតជាមួយតុលាការ»។
ក្រុមហ៊ុន Apple បានអះអាងថា៖ «គណៈកម្មការអឺរ៉ុបកំពុងតម្រូវឱ្យយើងគ្រប់គ្រងហាងរបស់យើង និងបង្ខំលក្ខខណ្ឌអាជីវកម្មដែលបង្កឱ្យមានការភាន់ច្រឡំសម្រាប់អ្នកអភិវឌ្ឍន៍ និងអាក្រក់សម្រាប់អ្នកប្រើប្រាស់»។
គួរជម្រាបថា កាលពីខែមុន Apple បានកែសម្រួលច្បាប់ App Store របស់ខ្លួនដើម្បីអនុលោមតាមបទបញ្ជារបស់ EU ក្នុងការលុបចោលការរឹតបន្តឹងផ្នែកបច្ចេកទេស និងពាណិជ្ជកម្មរបស់ខ្លួនលើអ្នកអភិវឌ្ឍន៍កម្មវិធី ដើម្បីជៀសវាងការផាកពិន័យប្រចាំថ្ងៃចំនួន ៥% នៃប្រាក់ចំណូលជាមធ្យមទូទាំងពិភពលោករបស់ខ្លួន ឬប្រហែល ៥០ លានអឺរ៉ូក្នុងមួយថ្ងៃ។ អាជ្ញាធរប្រកួតប្រជែងរបស់ EU កំពុងស្វែងរកមតិកែលម្អពីអ្នកអភិវឌ្ឍន៍កម្មវិធី មុននឹងសម្រេចចិត្តថាតើត្រូវទទួលយកការផ្លាស់ប្តូរទាំងនេះ ឬទាមទារបន្ថែមទៀត៕