(បរទេស)៖ តោខៀវ Chelsea អតីតជើងឯក FIFA Club World Cup កាលឆ្នាំ២០២១ បានឡើងទៅឈរចាំវគ្គដណ្តើមពាននេះជាថ្មីម្តងទៀត និងជាលើកទី៣ ផងដែរក្នុងចំណោម ២១សម័យកាល បន្ទាប់ពីបំបាក់ក្រុម Fluminense ២ទល់នឹង០ មិនឱ្យតដៃរួចនាយប់មិញនេះ នៅសហរដ្ឋអាមេរិក។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា សមាជិកថ្មីរបស់ពួកគេគឺ Joao Pedro ជាអ្នកធ្វើបានសម្រេចទាំង ២គ្រាប់តែម្តងទៅលើអតីតក្លិបចាស់របស់គេផងដែរកាលផ្តើមអាជីពដំបូងនៅប្រទេសប្រេស៊ីល។
នេះមានន័យថា ក្រុមរបស់អង់គ្លេសដែលលេងនៅ Premier League ត្រូវរង់ចាំរវាងក្រុមបញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Paris Saint Germain ឬក៏អតីតម្ចាស់ជើងឯក ៥សម័យកាលច្រើនជាងគេ Real Madrid ដើម្បីដណ្តើមពានជើងឯក Club World Cup 2025 ជំនាន់ទី២១ នាចុងសប្តាហ៍នេះ ដោយពុំមានប្រកួតយកចំណាត់ថ្នាក់លេខ៣ ឡើយ។
គួរបញ្ជាក់ផងថា តាមរយៈជ័យជម្នះនេះដែរក្រុមរបស់លោក Enzo Maresca បន្ថែម ២២លានផោនទៀតទៅលើ ៦០លានផោន ឆ្លងតាម ៦ប្រកួតនៅ Club World Cup ទម្រង់ថ្មីដែលមាន ៣២ក្រុមលើកនេះ ហើយប្រសិនឈ្នះជើងឯក នឹងទទួលបានប្រាក់សរុបដល់ទៅ ១២៥លានដុល្លារឯណោះ៕