(បរទេស)៖ ក្រុមហ៊ុន Samsung Electronics បានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីទិញយកក្រុមហ៊ុន Xealth ដែលជាវេទិកាថែទាំសុខភាពដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ការទិញយកនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដើម្បីពង្រីកអាជីវកម្មសេវាថែទាំសុខភាពតាមទូរស័ព្ទរបស់ខ្លួន។ ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះមិនបានបង្ហាញពីតម្លៃនៃការទិញយកនេះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥។

Samsung បានថ្លែងថា ក្រុមហ៊ុនទាំងពីររំពឹងថានឹងបង្កើត «ភាពស៊ីសង្វាក់គ្នារវាងបច្ចេកវិទ្យាពាក់ជាប់ខ្លួន (wearable technology) ទំនើបរបស់ Samsung និងវេទិកាសុខភាពឌីជីថលរបស់ Xealth»។ វេទិកានេះដំណើរការកម្មវិធីសុខភាពឌីជីថល និងគ្រប់គ្រងទិន្នន័យដែលភ្ជាប់អ្នកផ្តល់សេវាថែទាំសុខភាព រួមទាំងមន្ទីរពេទ្យជាង ៥០០ កន្លែងនៅសហរដ្ឋអាមេរិក ជាមួយអ្នកជំងឺរបស់ពួកគេ។

ការទិញយកនេះកើតឡើងស្របពេលដែល Samsung កំពុងពង្រីកអាជីវកម្មរបស់ខ្លួន ពោលគឺលើសពីអាជីវកម្មស្នូលដែលរួមមានបន្ទះឈីប និងទូរស័ព្ទឆ្លាតវៃ។ Samsung បានផ្តោតលើវិស័យវេជ្ជសាស្ត្រជាក្បាលម៉ាស៊ីនកំណើនថ្មីមួយ រួមជាមួយនឹងប្រព័ន្ធសំឡេង/អូឌីយ៉ូសម្រាប់អ្នកប្រើប្រាស់ (Consumer Audio) ប្រព័ន្ធត្រជាក់ និងកម្តៅ (Cooling and Heating Systems) និងមនុស្សយន្ត។ កាលពីខែឧសភា Samsung Electronics ក៏បានយល់ព្រមទិញយកក្រុមហ៊ុន FlaktGroup របស់អាល្លឺម៉ង់ក្នុងតម្លៃ ១.៥ ពាន់លានអឺរ៉ូ (ប្រមាណ ១.៦៨ ពាន់លានដុល្លារ) ផងដែរ ដើម្បីបំពេញតម្រូវការប្រព័ន្ធត្រជាក់សម្រាប់មជ្ឈមណ្ឌលទិន្នន័យដែលប្រើសម្រាប់គម្រោងបញ្ញាសិប្បនិម្មិត AI។

គួរជម្រាបថា លោក Jay Y. Lee ប្រធានក្រុមហ៊ុន Samsung បានបញ្ជាក់កាលពីខែមីនាថា Samsung កំពុងស្វែងរកកិច្ចព្រមព្រៀងសំខាន់ៗនៅឆ្នាំនេះ ដើម្បីជំរុញកំណើន បន្ទាប់ពីក្រុមហ៊ុនបានយឺតយ៉ាវជាងគូប្រជែងក្នុងការទាញយកប្រយោជន៍ពីកំណើនបន្ទះឈីប AI។ ការណ៍នេះស្របពេលដែល Samsung បានព្យាករណ៍ពីការធ្លាក់ចុះ ៥៦% នៃប្រាក់ចំណេញប្រតិបត្តិការត្រីមាសទីពីរ ដែលអាក្រក់ជាងការរំពឹងទុកឆ្ងាយណាស់ ដោយសារតែការលក់បន្ទះឈីប AI ខ្សោយ ដែលបង្កើនការព្រួយបារម្ភពីវិនិយោគិនអំពីអនាគតអាជីវកម្មបន្ទះឈីបរបស់ខ្លួន៕