(ភ្នំពេញ)៖ ការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ASEAN Club Championship (ACC) Shoppe Cup 2025/26 បានបង្ហាញកម្មវិធីប្រកួតវគ្គចែកពូលជាផ្លូវការហើយ ដោយក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ទទួលបានឱកាសធ្វើម្ចាស់ផ្ទះ ២ប្រកួត ក្នុងចំណោម ៥ប្រកួត នៃពូលB ដោយត្រូវជួបក្រុមខ្លាំងមកពីម៉ាឡេស៊ី និងថៃ។

សម្រាប់កម្មវិធីប្រកួតវគ្គចែកពូលពាន ACC 2025/26 ខាងលើ នឹងធ្វើឡើងពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។ ចំពោះពូលB ២ប្រកួតដំបូង ព្រះខ័នរាជស្វាយរៀងត្រូវ ត្រូវលេងក្រៅដី ពោលគឺត្រូវជួបក្រុមឈ្នះវគ្គ Play-Off រវាងក្រុម Shan Unite របស់មីយ៉ាន់ម៉ា និងក្រុម Ezra របស់ឡាវ នាថ្ងៃទី២១-សីហា និងជួបក្រុម Nam Dinh FC របស់វៀតណាម នាថ្ងៃទី២៥-កញ្ញា។

បន្ទាប់មកក្រុមជើងឯកលីគកំពូលកម្ពុជា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមភ្ញៀវវិញម្ដង ចំនួន ២ប្រកួតជាប់គ្នា ដោយត្រូវជួបក្រុមជើងឯកលីគកំពូលម៉ាឡេស៊ី Johor Darul Ta’zim FC នាថ្ងៃទី៤-ធ្នូ និងជួបក្រុមជើងឯករងលីគកំពូលថៃ Bangkok United នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ មុនជំនួបបញ្ចប់ពូលB ជាមួយក្រុមម្ចាស់ផ្ទះ Lion City Sailors FC របស់សិង្ហបុរី នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ។

ដោយឡែកពូលA ដែលមានបេក្ខភាព ៦ក្រុមដូចគ្នា រួមមានក្រុម Buriram United និងក្រុម BG Pathum United របស់ថៃ, ក្រុម Selangor របស់ម៉ាឡេស៊ី, ក្រុម Cong An Ha Noi របស់វៀតណាម, ក្រុម Tampines Rovers របស់សិង្ហបុរី និងក្រុមឈ្នះក្នុងវគ្គ Play-Off រវាងក្រុម Kasuka របស់ប្រ៊ុយណេ និងក្រុម DH Cebu របស់ហ្វីលីពីន នឹងចាប់ផ្ដើមការប្រកួតជម្រុះដំណាលគ្នា ដើម្បីស្វែងរកក្រុមឡើងវគ្គបន្ដ៕