(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសថា រូបលោកនឹងចូលរួមទស្សនាដោយផ្ទាល់នៅវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ FIFA Club World Cup 2025 នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ នៅក្នុងរដ្ឋ New Jersey។
ការប្រកាសនេះដែរត្រូវបានធ្វើឡើង ១ថ្ងៃ បន្ទាប់ពី FIFA បានប្រកាសពីការបើកទូលាយសម្រាប់ក្រុមមន្រ្តីរបស់លោកត្រាំ នៅក្នុងរដ្ឋ New York នាពេលថ្មីៗនេះ។
ស្ថិតក្រោមការដឹកនាំក្នុងអាណត្តិទី១ របស់លោក Trump អាមេរិកត្រូវបានបោះឆ្នោតជ្រើសរើសជាប្រទេសម្ចាស់ផ្ទះ World Cup 2026 ជាមួយប្រទេសក្បែរខាងមិចស៊ិក និងកាណាដាជាដើម។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។
ភ្លាមនោះដែរប្រធាន FIFA បច្ចុប្បន្នលោក Gianni Infantino ក៏បានថ្លែងថា «ពួកយើងទទួលបាននូវការគាំទ្រដ៏ពេញទំហឹងពីសំណាក់ក្រុមមន្រ្តី និងប្រធានាធិបតីជាមួយនឹងការអញ្ជើញមកទស្សនាដោយផ្ទាល់នៅ FIFA Club World Cup និងជាថ្មីម្តងទៀតសម្រាប់ World Cup នាឆ្នាំក្រោយ»។
គួរបញ្ជាក់ផងដែរ ក្នុងការកាន់តំណែងប្រធានាធិបតីនៃអាណត្តិទី២ នេះ លោកត្រាំ តែងតែផ្តល់កិត្តិយសក្នុងកម្មវិធីកីឡានានា ថែមទាំងបានប្រកាសថា សេតវិមាននឹងរៀបចំកម្មវិធីប្រដាល់ក្នុងទ្រុង UFC នាឆ្នាំក្រោយទៀតផង៕