(បរទេស)៖ ខ្សែបម្រើ Scott McTominay បានបង្ហាញពីក្តីសប្បាយរីករាយឥតឧបមា ប្រកបដោយយភាពភ្ញាក់ផ្អើល នៅពេលបានលេងរួមក្រុមជាមួយកីឡាករ Kevin de Bruyne ក្នុងក្លិបពពកស Napoli ដែលត្រូវការពារជើងឯក Serie A រដូវកាលថ្មីនេះ។

កីឡាករអន្តរជាតិស្កុតឡេនរូបនេះ ធ្លាប់តែគូប្រជែងលើវាលស្មៅនឹងគ្នា កាលរូបគេលេងនៅ Manchester United គ្រាដែល De Bruyne លេងឱ្យមេឃខៀវ Manchester City។

ការផ្លាស់មករួមក្រុម Napoli រដូវកាលមុនក្នុងដែនដីប្រទេសអ៉ីតាលី McTominay បានរួមចំណែកជួយពពកសមួយនេះ ដណ្តើមបានជើងឯកលីគ Serie A 2024-25 ដែលរូបគេរកបាន ១៣គ្រាប់ និងត្រូវបានបោះឆ្នោតជាប់ជាកីឡាករលេងល្អប្រចាំរដូវកាលមុន ដោយស្ថិតក្រោមការបង្វឹករបស់លោក Antonio Conte ទៀតផង។

McTominay បានថ្លែងក្នុងសន្និសីទពេលត្រឡប់មកអង់គ្លេស ដើម្បីលេង pre-season ត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «De Bruyne គឺជាកីឡាករដ៏អស្ចារ្យ និងប្រកបដោយគុណភាពនៅលើទីលាន ដែលប្រពៃណាស់សម្រាប់ពួកយើងដែលមានគាត់មករួមក្រុម។ វាពិតជាអស្ចារ្យមែនទែន»

ខ្សែបម្រើអន្តរជាតិប៊ែលហ្សិក Kevin de Bruyne បានផ្លាស់ទៅកាន់ក្លិបនៅអ៉ីតាលី ក្រោយចំណាយពេលជាង ១ទសវត្សរ៍លេងនៅ Man City ជាទីដែលលោកឈ្នះ Premier League បាន ៦លើក និង UEFA Champions League ១លើកផងដែរ មុនពេលអស់សុពលភាពកិច្ចសន្យានៅ Etihad៕