(ភ្នំពេញ)៖ ធនាគារ ឌីជីប៊ី (DGB) ដែលជាធនាគារកូរ៉េ វិនិយោគនៅកម្ពុជា បន្តរួមចំណែកលើកកម្ពស់ការសិក្សារបស់ សិស្ស-និស្សិតក្រីក្រកម្ពុជា ក្នុងការបន្តការសិក្សានៅថ្នាក់ឧត្តម តាមរយៈការឧបត្ថម្ភថវិកា ដល់សមាគម សិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)។
ជាក់ស្តែង ធនាគារ ឌីជីប៊ី បានពិធីសំណេះសំណាល និងផ្តល់អាហារូបករណ៍ លើកទីបីចំនួន ៦០,០០០ ដុល្លារអាម៉េរិក ដល់ សមាគម អ.ម.ត ដែលបានប្រារព្ធឡើងនៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលរបស់ ធនាគារឌីជីប៊ី រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក Jeon Junmo អនុប្រធាននាយកប្រតិបត្តិ នៃធនាគារ ឌីជីប៊ី និងលោក លឹម សុជាតិ ប្រធានការិយាល័យទំនាក់ទំនងសាធារណៈ នៃសមាគម អ.ម.ត ។
ការឧបត្ថម្ភថវិកានេះ គឺជាការឆ្លើយតបនឹងអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ ដែលបានរៀបចំឡើងកាលពីឆ្នាំ២០២៣។ ក្នុងនោះ ធនាគារ ឌីជីប៊ី នឹងឧបត្ថម្ភថវិកា សរុបចំនួន ៣០០ ០០០ ដុល្លារអាម៉េរិក ជូនសមាគម អ.ម.ត ក្នុងរយៈពេល ៥ឆ្នាំ ដើម្បីលើកស្ទួយវិស័យអប់រំ និងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា។
លោក Jeon Junmo អនុប្រធាននាយកប្រតិបត្តិ នៃធនាគារ ឌីជីប៊ី មានប្រសាសន៍ថា ការគាំទ្ររបស់ ធនាគារ ឌីជីប៊ី នឹងជួយដល់សិស្ស-និស្សិតក្រីក្រ ឱ្យមានឱកាសបានបន្តការសិក្សា និងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។ ធនាគារ ឌីជីប៊ី ជឿជាក់ថា ការវិនិយោគលើវិស័យអប់រំ គឺជាមធ្យោបាយដ៏មានឥទ្ធិពលបំផុតមួយដែលជួយឱ្យសិស្ស-និស្សិតមានអនាគតភ្លឺស្វាង។
លោកបន្ថែមថា «ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយូរអង្វែងរបស់យើងចំពោះទំនួលខុសត្រូវសង្គម និងការពង្រឹងសមត្ថភាពយុវជន។ នេះមិនមែនជាកិច្ចខិតខំប្រឹងប្រែងតែមួយដងនោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃកិច្ចសហការយូរអង្វែង ក្នុងការពង្រឹងការអប់រំនៅកម្ពុជា និងគាំទ្រការរីកចម្រើនប្រកបដោយចីរភាព»៕