(ភ្នំពេញ)៖ មេចុងភៅធ្វើម្ហូបដ៏លេចធ្លោមួយរូប របស់ប្រទេសកម្ពុជា កំពុងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅឯភោជនីយដ្ឋាន Michelin នៅអឺរ៉ុប និងភោជនីយដ្ឋានលំដាប់ពិភពលោក នៅអាស៊ីអាគ្នេយ៍ ដែលជួយលើក កម្ពស់មុខម្ហូបខ្មែរ និងជំនាញធ្វើម្ហូបខ្មែរជាអន្តរជាតិ។ ម៉ារីយ៉ា អ៊ុន នួន ជាអតីតយុវតីម្នាក់ដែលជួបការលំបាក មានឱកាសនិងជម្រើសតិចតួចណាស់ក្នុងការរស់ នៅក្នុងប្រទេសដែលកំពុងមានការអភិវឌ្ឍដូចជាប្រទេសកម្ពុជា។

ម៉ារីយ៉ាក៏ដូចជានារីវ័យក្មេងជាច្រើនដែរដែលឆ្ងល់ថាតើអនាគតរបស់គាត់អាចនឹងមានអ្វីខ្លះ អាពាហ៍ពិពាហ៍ ភាពជាម្ដាយ ធ្វើការជាអ្នកបោសសម្អាត ឬអ្នកបម្រើ? ចម្ងល់របស់គាត់ផុសឡើង​ ស្របពេលដែលសិល្បករអន្តរជាតិស្វីស និងសប្បុរសជន បុគ្គលិកមនុស្សធម៌ និងអ្នកថតរូប Dr. h.c. Hannes Schmid បានយកគាត់ទៅរៀននៅក្នុងអង្គការ សប្បុរសធម៌របស់គាត់គឺ Smiling Gecko Cambodia ដែលជាអង្គការជួយសង្គ្រោះដែលផ្តល់ការអប់រំ និងស្វែងរកការងារឱ្យដល់យុវជន និងយុវតី។

ជំនាញធ្វើម្ហូបអាហារដ៏ប៉ិនប្រសប់របស់គាត់ធ្វើឱ្យសប្បុរសជន (និងបណ្ឌិត Hannes) ទទួលស្គាល់ពីទេព្យ កោសល្យរបស់គាត់ ហើយចាប់តាំងពីពេលនោះ មកគាត់ត្រូវបានបញ្ជូនឱ្យទៅរៀន ធ្វើម្ហូបនៅប្រទេសស្វីស ហើយបានធ្វើការជាមួយមេចុងភៅលំដាប់កំពូលនៃភោជនីយដ្ឋាន Michelin នៅទ្វីបអឺរ៉ុប ហើយឥឡូវនេះ គាត់កំពុងដាក់បង្ហាញ «ទង់ជាតិខ្មែរ» ពេលគាត់ធ្វើម្ហូបខ្មែរនៅជុំវិញពិភពលោក ដែលជំរុញឱ្យមានការទទួល ស្គាល់សម្រាប់បុព្វហេតុដ៏មានតម្លៃរបស់អង្គការ NGO Smiling Gecko Cambodia’s Farmhouse Luxury Resort & Spa ដែលស្ថិតនៅជិតរាជធានីភ្នំពេញផងដែរ។

នៅទីនោះ ម៉ារីយ៉ាគ្រប់គ្រងភោជនីយដ្ឋានអាហារដ៏ឈ្ងុយឆ្ងាញ់ និងមើលខុសត្រូវតុមេចុងភៅនៅក្នុងផ្ទះបាយដែលជា កន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈធ្វើម្ហូបអាហារ។ ម៉ារីយ៉ា បានចាប់ផ្តើមចូលរៀនវគ្គបណ្តុះបណ្តាលធ្វើជា មេចុងភៅនៅក្នុងផ្ទះបាយតែមួយដូចនៅ Farmhouse។

សហស្ថាបនិក Dr. h.c. Hannes Schmid នៃអង្គការ Smiling Gecko Cambodia បានថ្លែងថា «បន្ទាប់ពីយើងបានយកគាត់មកឱ្យចូលរៀននៅអង្គការសប្បុរសធម៌ Smiling Gecko យើងក៏បាន បង្រៀនគាត់ឱ្យចេះធ្វើម្ហូបអាហារនៅក្នុងផ្ទះបាយ ហើយយើងបានដឹងថាគាត់ពិតជាមានទេពកោសល្យ ធ្វើម្ហូបអាហារខ្លាំងណាស់។ កាលនោះគឺនៅក្នុងអំឡុងឆ្នាំ ២០១៤ នៅពេលដែលយើងកំពុងញ៉ាំអាហារ ពេលល្ងាច ហើយមិត្តរបស់ខ្ញុំមកពីវិទ្យាស្ថានសណ្ឋាគារមួយបាននិយាយថា Hannes ស្ត្រីម្នាក់នេះមាន ទេពកោសល្យធ្វើម្ហូបណាស់។ ខ្ញុំបានរស់នៅប្រទេសនៅអាស៊ី ១៥ ឆ្នាំហើយ តែខ្ញុំមិនដែលបានភ្លក់រសជាតិ អាហារឆ្ងាញ់ចឹងទេ។ ដូច្នេះខ្ញុំបាននិយាយទៅកាន់គាត់ថា ប្រសិនបើគាត់មានទេពកោសល្យ យើងនឹងធ្វើ លិខិតឆ្លងដែនឱ្យគាត់ ដើម្បីចុះឈ្មោះចូលរៀននៅសាលាសណ្ឋាគារអន្តរជាតិនៅប្រទេសស្វីស»។

ដំណើររឿងដែលបានចាប់ផ្ដើមដ៏គួរឱ្យកត់សម្គាល់បាននាំទៅរកសមិទ្ធិផលដ៏សំខាន់ ដែលវាក៏កំពុងត្រូវបាន លាតត្រដាង។ ចាប់តាំងពីពេលនោះមក មេចុងភៅ ម៉ារីយ៉ា អ៊ុន នួន បានបង្ហាញជំនាញធ្វើម្ហូបខ្មែររបស់គាត់ ទៅកាន់មេចុងភៅលំដាប់ពិភពលោក Michelin star ដូចជា Franck Giovannini និង Andreas Caminada នៅក្នុងភោជនីដ្ឋានដ៏មានកិត្យានុភាពនៅអឺរ៉ុប។ គាត់ក៏ធ្វើជាអ្នករៀបចំកម្មវិធីចែករំលែកបទ ពិសោធន៍នៃ «ការធ្វើម្ហូបខ្មែរ» នៅក្នុងភោជនីយដ្ឋានកំពូលៗក្នុងប្រទេសសិង្ហបុរី និងទីក្រុងបាងកក។ ឥឡូវនេះ គាត់រស់នៅប្រទេសកម្ពុជាដើម្បីបង្រៀននិងចែករំលែកបទពិសោធន៍ដល់អ្នកដ៏ទៃផ្សេងទៀត ដើម្បីបន្តការ ផ្សព្វផ្សាយម្ហូបខ្មែរតាមរយៈ «ការដាក់បង្ហាញទង់ជាតិខ្មែរ» ឱ្យគេបានស្គាល់កាន់តែច្រើននៅជុំវិញពិភព លោក។

មេចុងភៅ ម៉ារីយ៉ា បានថ្លែងថា «ខ្ញុំតាំងចិត្តថា ខ្ញុំនឹងធ្វើឱ្យប្រទេសកម្ពុជា ត្រូវបានគេស្គាល់នៅទូទាំង ពិភពលោក ហើយនឹងជួយបង្កើនប្រាក់ចំណូលឱ្យបានច្រើន ដល់ឧស្សាហកម្មទេសចរណ៍របស់ប្រទេស កម្ពុជាផងដែរ»«ដំណើររឿងរបស់ខ្ញុំ ដែលបានធ្វើឱ្យខ្ញុំទទួលបានការទទួលស្គាល់ពីភោជនីយដ្ឋានល្អ បំផុតមួយចំនួននៅអឺរ៉ុប បង្ហាញថាយើងម្នាក់ៗសុទ្ធតែអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកស្ទួយការ អភិវឌ្ឍប្រទេសជាតិរបស់យើងឱ្យកាន់តែរីកចម្រើន»

ភាពជោគជ័យរបស់ម៉ារីយ៉ាក៏ជាប្រភពនៃមោទនភាពសម្រាប់ដៃគូអភិវឌ្ឍន៍របស់វេជ្ជបណ្ឌិត Hannes គឺ Smiling Gecko Cambodia សហស្ថាបនិក លោក ងន់ សុខលាភ បានថ្លែងថា «ម៉ារីយ៉ាបង្ហាញ យ៉ាងច្បាស់នូវអ្វីដែល Smiling Gecko Cambodia និង Farmhouse កំពុងធ្វើ។ យើងមានបំណងផ្តល់ ឱកាសដល់ជនក្រីក្របំផុតក្នុងសង្គមរបស់យើង ដោយផ្តល់ឱ្យពួកគេនូវជំនាញដែលពួកគេត្រូវការ ដើម្បី កសាងអនាគតនិងអភិវឌ្ឍន៍ខ្លួនប្រកបដោយចីរភាពសម្រាប់ខ្លួនឯង ដូចដែលយើងកំពុងធ្វើដូច្នេះដែរ»។

លោក ងន់ សុខលាភ ដែលបានបោះបង់ឱកាសអាជីពជាមេធាវី ដើម្បីធ្វើជាសហស្ថាបនិកអង្គការ Smiling Gecko Cambodia ជឿជាក់ថា ភាពជោគជ័យរបស់ ម៉ារីយ៉ា គឺជាគំរូដ៏ល្អឥតខ្ចោះសម្រាប់អ្នកដទៃទៀត។ គាត់ថែមទាំងបានទាក់ទាញការចាប់អារម្មណ៍ពីម៉ាកយីហោដ៏ធំបំផុតរបស់អឺរ៉ុបមួយចំនួនដូចជា Mercedes-Benz, V-Zug, Victorinox និងក្រុមហ៊ុនផលិតនាឡិកាប្រណីត Bucherer / Rolex ដែលបានគាំទ្រនិងទទួលស្គាល់ពីទេពកោសល្យរបស់គាត់ផងដែរ។

ចំណែក ម៉ារីយ៉ា ខ្លួនគាត់ផ្ទាល់ តាំងពីដើមដំបូងឡើយបានគិតថាគាត់ហាក់បីដូចជា «ចៃដន្យ» ណាស់ដែល បានក្លាយជាមេចុងភៅខ្មែរដ៏ល្បីល្បាញមួយរូប ដែលគាត់ពិតជាបានរកឃើញអាជីពរបស់ខ្លួន ហើយថែមទាំង ទាក់ទាញមនុស្សជាច្រើនឱ្យស្គាល់ម្ហូបខ្មែរ ហើយមកលេងនៅប្រទេសកម្ពុជាផងដែរ៕