(បរទេស)៖ ចាប់ពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ តទៅ YouTube នឹងចាប់ផ្តើមអនុវត្តគោលការណ៍រកប្រាក់ដែលកាន់តែតឹងរ៉ឹងសម្រាប់ Channels ដែលផ្សាយវីដេអូដដែលៗ ផលិតទ្រង់ទ្រាយធំ ឬមានគុណភាពទាប ជាពិសេសគឺ YouTube នឹងផ្ដល់ប្រាក់សម្រាប់តែវីដេអូណាដែលផលិតឡើងដោយប្រើប្រាស់សំឡេងពិត និង Original content ។ ការផ្លាស់ប្តូរនេះមានគោលបំណងលើកកម្ពស់មាតិកាដែលមានលក្ខណៈដើម និងពិតប្រាកដ ដើម្បីបង្កើនបទពិសោធន៍របស់អ្នកទស្សនា។
អ្វីទៅជាខ្លឹមសារដែលនឹងត្រូវកំណត់?
* គោលការណ៍ថ្មីនេះផ្តោតជាសំខាន់លើមាតិកាដែល៖
- មានលក្ខណៈដដែលៗ (Repetitive content): វីដេអូដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាខ្លាំង រហូតដល់អ្នកទស្សនាពិបាកនឹងបែងចែក។ វីដេអូប្រភេទនេះច្រើនតែត្រូវបានបង្កើតឡើងដោយប្រើគំរូ (templates) និងមានភាពខុសប្លែកគ្នាតិចតួចបំផុត។
- ផលិតទ្រង់ទ្រាយធំ (Mass-produced content): មាតិកាដែលអាចចម្លងឡើងវិញបានយ៉ាងងាយស្រួលក្នុងចំនួនច្រើន និងដោយការខិតខំប្រឹងប្រែងតិចតួចបំផុត។ នេះអាចរាប់បញ្ចូលទាំងវីដេអូដែលគ្មានការអធិប្បាយ ឬមានតិចតួច ខ្លឹមសារដែលបង្កើតដោយបញ្ញាសិប្បនិម្មិត (AI) និងការបង្ហោះដែលស្រដៀងនឹងសារឥតបានការ (spam)។
- វីដេអូដែលមានគុណភាពទាប (Low-effort videos): មាតិកាដែលខ្វះការកែសម្រួល សេចក្តីអធិប្បាយ ឬតម្លៃអប់រំ/កម្សាន្តសំខាន់ៗ។
បទប្បញ្ញត្តិថ្មីស្តីពី «ខ្លឹមសារមិនពិតប្រាកដ»
YouTube កំពុងធ្វើបច្ចុប្បន្នភាពនិយមន័យនៃ «ខ្លឹមសារមិនពិតប្រាកដ«» ដើម្បីឆ្លុះបញ្ចាំងពីនិន្នាការបច្ចុប្បន្ន ជាពិសេសជាមួយនឹងការកើនឡើងនៃឧបករណ៍ AI ដែលអាចបង្កើតមាតិកាចំនួនដ៏ច្រើនដោយការបញ្ចូលពីមនុស្សតិចតួចបំផុត។
ផលប៉ះពាល់ដល់អ្នកបង្កើតមាតិកា
Channels ដែលពឹងផ្អែកខ្លាំងលើការប្រើប្រាស់មាតិកាឡើងវិញដោយគ្មានការផ្លាស់ប្តូរសំខាន់ (ដូចជាការបន្ថែមតម្លៃច្បាស់លាស់ សេចក្តីអធិប្បាយ ឬការកែសម្រួល) អាចប្រឈមនឹងហានិភ័យនៃការដកសិទ្ធិរកប្រាក់។ គោលការណ៍នេះក៏អនុវត្តចំពោះ Channels ដែលប្រើសំឡេងដែលបង្កើតដោយ AI។
ទោះបីជាវីដេអូ Reaction និង Compilations មិនត្រូវបានហាមឃាត់ទាំងស្រុងក៏ដោយ អ្នកបង្កើតមាតិកាត្រូវតែបន្ថែមតម្លៃប្រកបដោយអត្ថន័យទៅលើមាតិកាដែលមានស្រាប់ មិនមែនគ្រាន់តែចាក់ឃ្លីបដោយការបញ្ចូលតិចតួចបំផុតនោះទេ។
គោលបំណងសំខាន់
YouTube មានបំណងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីអ្នកបង្កើតមាតិកាប្រកបដោយភាពពិតប្រាកដ និងកែលម្អបទពិសោធន៍អ្នកទស្សនា ដោយរារាំងមាតិកាដែលត្រូវបានគេមើលឃើញថាមានតម្លៃទាប មិនមានលក្ខណៈដើម ឬត្រូវបានរចនាឡើងដើម្បីស្វែងរកចំណូលតែប៉ុណ្ណោះ។
ការអនុវត្ត
ចំពោះ Channels ដែលត្រូវបានរកឃើញថា បានបំពានគោលការណ៍អាចនឹង មិនត្រូវបានអនុញ្ញាតឱ្យសហការជាមួយនឹងកម្មវិធី YouTube Partner Program (YPP) ហើយចំពោះ Channelsដែលទទួលបានសិទ្ធិក្នុងការស្វែងរកប្រាក់ អាចនឹងត្រូវបានដកចេញដូចគ្នា បើសិនជារកឃើញថាបានល្មើសនឹងគោលការណ៍ថ្មីនេះ៕