(ម៉ាឌ្រីដ)៖ លោក Carlo Ancelotti បច្ចុប្បន្នអ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិសាំបាប្រេស៊ីល ត្រូវបានតុលាការប្រទេសអេស្ប៉ាញ កាត់ទោសជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ ពីបទបន្លំពន្ធនាពេលកន្លងមក អំឡុងពេលលោកធ្វើការនៅទីនេះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បុរសសញ្ជាតិអ៉ីតាលី វ័យ ៦៦ឆ្នាំរូបនេះ បានឈ្នះពានរង្វាន់អឺរ៉ុប UEFA Champions League ៣លើកផងដែរ ក្នុងអំឡុងពេលដឹកនាំ Real Madrid ២លើក។
ទោះជាយ៉ាងណា ទោសទណ្ឌនេះត្រូវបានព្យួរទៅវិញ បន្ទាប់ពីអតីតគ្រូបង្វឹកក្លិប Everton និងតោខៀវ Chelsea រូបនេះបានខកខានបង់ពន្ធជូនរដ្ឋអេស្ប៉ាញ ចំពោះចំណូលប្រាក់ខែរបស់លោកកាលកាន់តួនាទីនៅ Real លើកដំបូងនាអំឡុងឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥។
លោក Ancelotti នឹងជៀសផុតពីការជាប់គុក ក៏ប៉ុន្តែត្រូវតែបង់ប្រាក់ពិន័យប្រមាណជាង ៣០ម៉ឺនផោន ទៅពន្ធដារអេស្ប៉ាញជាការស្រេច។
ជាការកត់សម្គាល់ផងដែរ ស្ថិតក្រោមច្បាប់ប្រទេសអេស្ប៉ាញ ទោសជាប់ពន្ធនាគារក្រោម ២ឆ្នាំ ដោយមិនទាក់ទងបទឧក្រិដ្ឋ ជនជាប់ចោទអាចព្យួរ ឬបង់សំណងជូនរដ្ឋជាស្រេច។
គួររំលឹកផងថា មិនត្រឹមតែលោក Carlo Ancelotti នោះទេដែលជាប់ពាក់ព័ន្ធនឹងការគេចវេសមិនបង់ពន្ធនាអំឡុងបំពេញការងារនៅអេស្ប៉ាញ ក៏នៅមាន Lionel Messi, Cristiano Ronaldo និងលោក Jose Mourinho ទៀតផង៕