(ភ្នំពេញ)៖ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកសរុប ២១នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនី ១៨រូប ទៅចូលរួមប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ (JJAU South East Asian Regional Championships) ឆ្នាំ២០២៥ នាថ្ងៃទី១២-១៣ ខែកក្កដាចុងសប្ដាហ៍នេះ នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ខណៈសហព័ន្ធបានចាត់ទុកព្រឹត្តិការណ៍នេះ ជាឱកាសវាស់ស្ទង់សមត្ថភាពអត្តពលិកខ្លួន ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាចុងឆ្នាំ២០២៥។
លោក ថោង បញ្ញាធន អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា បេសកកម្មលើកនេះ សហព័ន្ធបានបញ្ជូនអត្តពលិកច្រើនជាងបំផុត ក្នុងប្រវត្តិចូលរួមការប្រកួតអន្ដរជាតិកន្លងមក ពោលគឺមានកីឡាករ-កីឡាការិនីចំនួន ១៨រូប ក្នុងនោះក៏មានកីឡាករចំណូលថ្មីៗកូនកាត់ខ្មែរ-អាមេរិក ២រូបផងដែរ ដែលសុទ្ធសឹងមានបទពិសោធន៍ប្រកួតអន្ដរជាតិ ។ ការបញ្ជូនទ្រង់ទ្រាយធំបែបនេះ ព្រោះសហព័ន្ធចង់ផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនីទាំងអស់ បានបង្ហាញ ក៏ដូចជាពង្រឹងសមត្ថភាពត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាចុងឆ្នាំនេះ។
អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា «ការប្រកួតនេះ ពិតជាសំខាន់ណាស់ សម្រាប់កីឡាករ-កីឡាការិនីកម្ពុជាទាំងអស់គ្នា ក្នុងការបង្ហាញសមត្ថភាព ហើយទាល់តែពួកគាត់ធ្វើបានល្អក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះ ទើបសហព័ន្ធសម្រេចចុះឈ្មោះពួកគាត់ទៅចូលរួមការប្រកួតស៊ីហ្គេម លើកទី៣៣។ ដូច្នេះព្រឹត្តិការណ៍នេះ ជាឱកាសមួយ ដើម្បីវាស់ស្ទង់កីឡាករ-កីឡាការិនីរបស់យើង ពិសេសកីឡាករខ្មែរ-អាមេរិក ដែលទើបមកចូលរួមប្រកួតតំណាងកម្ពុជាលើកដំបូង យើងនឹងពិនិត្យពួកគាត់ក្នុងការសម្រេចចិត្តបញ្ជូនទៅស៊ីហ្គេម ឬយ៉ាងណា»។
គួរដឹងថា ព្រឹត្តិការណ៍ JJAU South East Asian Regional Championships 2025 ដែលហ្វីលីពីន ធ្វើជាម្ចាស់ផ្ទះនេះ មានអត្តពលិកចូលរួមសរុបជាង ៤០០នាក់ មកពី ៨ប្រទេសក្នុងតំបន់អាស៊ាន ក្នុងនោះក៏មានអត្តពលិកកម្ពុជា ១៨រូបផងដែរ ។ កាលពីឆ្នាំមុន កម្ពុជាបានបញ្ជូនអត្តពលិក ១២រូបចូលរួមព្រឹត្តិការណ៍នេះ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ហើយដណ្ដើមបានមេដាយដ៏ច្រើនសរុប ២១គ្រឿង រួមមានមេដាយមាស ៩ ប្រាក់ ៤ និងសំរឹទ្ធ ៨ គ្រឿង៕