(បរទេស)៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ក្រុមហ៊ុន Nvidia បានឈានដល់កំណត់ត្រាថ្មីមួយដោយក្លាយជាក្រុមហ៊ុនសាធារណៈដំបូងគេ ដែលប៉ាន់ប្រមាណថាមានតម្លៃទីផ្សារឡើងដល់ ៤ទ្រីលានដុល្លារ។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះបានឡើងដល់ប្រហែល ១៦៤.៤២ដុល្លារក្នុងមួយហ៊ុនក្នុងពេលព្រឹកថ្ងៃទី០៩ បណ្តាលឲ្យតម្លៃទីផ្សាររបស់វាឡើងខ្ពស់ជាងគេនៅក្នុងប្រវត្តិសាស្ត្រក្រុមហ៊ុនបច្ចេកវិទ្យា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។
ទោះបីជាក្រុមហ៊ុននេះឈានដល់តម្លៃ៤ទ្រីលានដុល្លារលើទីផ្សារក៏ពិតមែន តែតំណែងនេះមិនស្ថិតស្ថេរឡើយ ពោលពេលតម្លៃភាគហ៊ុនធ្លាក់ចុះវិញ តម្លៃទីផ្សារនឹងធ្លាក់ដូចគ្នា។ ការឡើងដល់កំណត់ត្រានេះបង្ហាញពី ឥទ្ធិពលដ៏ធំនៃ Nvidia ក្នុងឧស្សាហកម្ម AI ជាពិសេសក្នុងការផ្គត់ផ្គង់ឈីប GPU សម្រាប់បច្ចេកវិទ្យា AI ជំនាន់ថ្មី។ Nvidia បានផ្លាស់ទីទៅកំពូល ដោយលើសក្រុមហ៊ុនយក្សផ្សេងៗដូចជា Apple និង Microsoft ក្នុងតម្លៃទីផ្សារ។ វាគឺជាការឡើងលឿនយ៉ាងមិនធម្មតា បន្ទាប់ពីទើបតែឈានដល់តម្លៃ ១ទ្រីលានដុលលារនៅក្នុងខែមិថុនា ឆ្នាំ២០២៣ មកដល់ ៤ទ្រីលានដុល្លារក្នុងរយៈពេល១៣ខែប៉ុណ្ណោះ។
គួរជម្រាបថា Nvidia បានបង្កើតប្រវត្តិសាស្ត្រថ្មីដោយក្លាយជាក្រុមហ៊ុនដំបូងដែលឈានដល់ ៤ទ្រីលានក្នុងតម្លៃទីផ្សារ បើទោះបីជាមិនបានរក្សាកម្រិតនោះរហូតដល់ពេលបិទទីផ្សារក៏ដោយ។ តែវាក៏បង្ហាញពីសក្តានុពលនៃវិស័យ AI និងឥទ្ធិពលរបស់វា ក្នុងការជម្រុញក្រុមហ៊ុនបច្ចេកវិទ្យាដើម្បីទៅឈានដល់កំណត់ត្រាថ្មីៗផងដែរ៕