(បរទេស)៖ TikTok កំពុងអភិវឌ្ឍកម្មវិធីថ្មីសម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ដោយប្រើ Algorithm និងទិន្នន័យដាច់ដោយឡែកពីកម្មវិធី TikTok ទូទៅ។ គម្រោងនេះមានឈ្មោះសម្ងាត់ថា «M2» និងត្រូវបានបង្កើតឡើងក្នុងបំណងឆ្លើយតបទៅនឹងច្បាប់អាមេរិកថ្មី ដែលជំរុញឱ្យ ByteDance លក់ TikTok នៅសហរដ្ឋអាមេរិកមុនថ្ងៃ១៩ ខែមករា ២០២៥ ហើយប្រឈមនឹងការបិទដំណើរការនៅទីនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

តាមការចេញផ្សាយបានឲ្យដឹងថា TikTok កំពុងបែងចែកកូដពីប្រភពជាច្រើនលានបន្ទាត់ ដើម្បីបង្កើត Algorithm និងសេវាកម្មផ្ទុកទិន្នន័យ សម្រាប់សហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលកម្មវិធីថ្មីនេះនឹងត្រូវបំបែកចេញពី TikTok ទូទៅដែលយើងកំពុងប្រើប្រាស់ជាសកល ដូច Douyin នៅចិន អ៉ីចឹង។ គម្រោងនេះមានគោលបំណងធានាថា ទិន្នន័យអ្នកប្រើប្រាស់អាមេរិក មិនត្រូវបានចែករំលែកទៅចិន ហើយផ្គត់ផ្គង់ការផ្ដល់អត្ថបទណែនាំ (recommendation feed) ដែលផ្អែកលើទិន្នន័យក្នុងស្រុកប៉ុណ្ណោះ។ តែយ៉ាងណាសម្រាប់ការអនុវត្តិជាក់ស្តែង គេនៅរងចាំមើលសិន ត្បិតក្រុមហ៊ុន TikTok កំពុងបន្តដំណើរការផ្លូវច្បាប់នៅតុលាការអាមេរិក។

ប្រសិនបើគម្រោង «M2» ត្រូវបានបញ្ចប់ និងដំណើរការបាន TikTok អាចនឹងស្នើឲ្យអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកទាញយកកម្មវិធីថ្មីមុនថ្ងៃផុតកំណត់។ តែយ៉ាងណា ការអនុញ្ញាតពីរដ្ឋាភិបាលចិននៅលើការផ្ទេរ Algorithm គឺជាឧបសគ្គសំខាន់។ ទីផ្សារ TikTok នៅសហរដ្ឋអាមេរិកអាចនឹងបន្តមានការផ្លាស់ប្តូរយ៉ាងច្រើនបើគម្រោងនេះកើតមានជាក់ស្តែង៕