(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (Korean Heritage Agency) បាននិងកំពុងជួសជុលជ្រុងឦសាន នៃរួតបាកានប្រាសាទអង្គរវត្ត ដែលបច្ចុប្បន្នកំពុងដំណើរការ ទៅតាមការគ្រោងទុក។

លោក Kim Dongmin អ្នកគ្រប់គ្រងគម្រោងការដ្ឋានជួសជុល នៃទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានឱ្យដឹងថា គម្រោងជួសជុលជ្រុងឦសាននៃរួតបាកាន បានចាប់ផ្តើមនៅ២០២៥ បន្ទាប់ពីប្រើពេលមួយឆ្នាំ គឺឆ្នាំ២០២៤ ដើម្បីស្រាវជ្រាវ និងសិក្សាពីបច្ចេកទេសដើម្បីដំណើរការជួសជុល។ មន្រ្តីកូរ៉េរូបនេះបញ្ជាក់ថា គម្រោងនឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២៦។

អ្នកគ្រប់គ្រងគម្រោងការដ្ឋានជួសជុល លោក Kim Dongmin បានបង្ហាញមោទនភាពចំពោះ កិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការជួសជុលប្រាសាទអង្គរវត្ត ដែលជាប្រាសាទដ៏ស្កឹមស្កៃ និងខ្ពង់ខ្ពស់របស់ប្រជាជាតិកម្ពុជា។ លោករំពឹងថា ទៅអនាគតស្ថាប័នកូរ៉េ នឹងបន្តចូលរួមលើកិច្ចការអភិរក្សក្នុងតំបន់រមណីយដ្ឋានអង្គរបន្តបន្ទាប់ទៀត ក្នុងន័យចូលរួមថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ពិភពលោកមួយនេះ ឱ្យកាន់តែរឹងមាំ និងគង់វង្ស។

លោក ឃាម មុនី មន្រ្តីបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា ដែលចូលរួមក្នុងគម្រោងជួសជុលខាងលើ បានលើកឡើងថា ស្ថានភាពខឿនថ្ម និងជណ្ដើរជ្រុងឦសាន មុនពេលជួសជុល មានការញែក និងរហែក ដែលមើលទៅមានហានិភ័យខ្ពស់គួរឱ្យបារម្ភជាខ្លាំង។ ចំពោះបច្ចេកទេសជួសជុលវិញ ក្រុមការងារបានចាប់ផ្តើមរើថ្ម និងរៀបចំពង្រឹងឡើងវិញ ពីមួយស្រទាប់ទៅមួយស្រទាប់ដោយធានាពីភាពរឹងមាំទៅអនាគត។

បច្ចេកទេសនេះត្រូវបានលោក មុនី អះអាងថា គោរពតាមអនុសាសន៍យ៉ាងត្រឹមត្រូវ របស់អ្នកជំនាញការអាដហុក អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។

គួរបញ្ជាក់ថា គម្រោងជួសជុលជ្រុងឦសាន នៃរួតបាកានអង្គរវត្ត ត្រូវបានរៀបចំពិធីប្រុងពលី បើកការដ្ឋានជួសជុលនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមវត្តមានលោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក កម្មករជួសជុល ជាច្រើនរូប៕