(បរទេស)៖ រដ្ឋាភិបាលឆែកបានហាមឃាត់រដ្ឋបាលសាធារណៈរបស់ប្រទេសនេះ មិនឱ្យប្រើប្រាស់សេវាកម្មណាមួយរបស់ក្រុមហ៊ុន AI ចិន DeepSeek ទៀតទេ ដោយសារតែមានកង្វល់អំពីសុវត្ថិភាពទិន្នន័យ។ នេះបើយោងតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីលោក Petr Fiala នៅថ្ងៃពុធ ដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

វិធានការនេះ ធ្វើឡើងបន្ទាប់ពីមានការរឹតបន្តឹងជាច្រើនលើក្រុមហ៊ុន DeepSeek នៅក្នុងប្រទេសផ្សេងទៀត រួមមាន អាល្លឺម៉ង់ អ៊ីតាលី និងហូឡង់ ដោយសារតែកង្វល់អំពីការការពារទិន្នន័យ។ លោក Fiala បានប្រាប់សន្និសីទសារព័ត៌មានផ្សាយផ្ទាល់ថា៖ «រដ្ឋាភិបាលបានសម្រេចចិត្តហាមឃាត់ការប្រើប្រាស់ផលិតផល AI កម្មវិធី ដំណោះស្រាយ គេហទំព័រ និងសេវាកម្មគេហទំព័រដែលផ្តល់ដោយ DeepSeek នៅក្នុងរដ្ឋបាលសាធារណៈរបស់ឆែក»។ លោក Fiala បានបន្ថែមថា ក្នុងនាមជាក្រុមហ៊ុនចិន DeepSeek មានកាតព្វកិច្ចសហការជាមួយស្ថាប័នរដ្ឋាភិបាលចិន ដែលអាចផ្តល់ឱ្យទីក្រុងប៉េកាំងនូវសិទ្ធិចូលប្រើទិន្នន័យដែលបានរក្សាទុកនៅលើម៉ាស៊ីនមេរបស់ DeepSeek នៅក្នុងប្រទេសចិន។

ទាក់ទិននឹងបញ្ហានេះ ក្រុមហ៊ុន DeepSeek និងស្ថានទូតចិនប្រចាំទីក្រុងប្រាក មិនទាន់ឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ។

គួររំលឹកផងដែរថា DeepSeek បានធ្វើឱ្យពិភពបច្ចេកវិទ្យាភ្ញាក់ផ្អើលកាលពីខែមករា ជាមួយនឹងការអះអាងថា ខ្លួនបានបង្កើតគំរូ AI ដែលអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនអាមេរិកដូចជា OpenAI ដែលជាអ្នកបង្កើត ChatGPT ក្នុងតម្លៃទាបជាងច្រើន។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះបានស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់នៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុប ចំពោះគោលនយោបាយសុវត្ថិភាពទិន្នន័យរបស់ខ្លួន។

យោងតាមគោលការណ៍ឯកជនភាពរបស់ខ្លួន DeepSeek រក្សាទុកទិន្នន័យផ្ទាល់ខ្លួនជាច្រើន ដូចជាសំណើទៅកាន់កម្មវិធី AI ឬឯកសារដែលបានផ្ទុកឡើងនៅលើកុំព្យូទ័រនៅក្នុងប្រទេសចិន៕