(បរទេស)៖ Mohammed Kudus កីឡាករអន្តរជាតិហ្គាណា ត្រូវបានក្លិប West Ham United លក់ចេញមកឱ្យគូប្រជែងនៅ Premier League មាន់ខ្នាយមាស Tottenham Hotspur ក្នុងតម្លៃ ៥៥លានផោន។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមញញួរធំបានបដិសេធសំណើ ៥០លានផោនម្តងមកហើយពី Spurs កាលសប្តាហ៍មុន ដ្បិតខ្សែបម្រើអន្តរជាតិហ្គាណា វ័យ ២៤ឆ្នាំរូបនេះមានតម្លៃទិញផ្តាច់កិច្ចសន្យាប្រមាណ ៨៥លានផោនជាមួយក្លិបថ្មី ពោលគឺដល់ឆ្នាំ២០៣១។
ការរួមក្រុមនៅទីក្រុង London ដូចគ្នា Kudus បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៦ឆ្នាំជាមួយអតីតជើងឯកពានលំដាប់ទី២ អឺរ៉ុប UEFA Europa League 2024-25 ដែលស្ថិតក្រោមការដឹកនាំដោយអ្នកចាត់ការទូទៅថ្មីផងដែរ គឺលោក Thomas Frank។
Mohammed Kudus ដែលបានមករួមក្រុមជាមួយ West Ham តាំងពីឆ្នាំ២០២៣ នោះ បានបង្ហាញខ្លួន ៦៥ប្រកួតសរុបនៅ Premier League ដោយរកបាន ១៣គ្រាប់ និងបញ្ជូនបាន ៩គ្រាប់ផងដែរ៕