(មីឡាន)៖ ការប្រកួតរវាង AC Milan ទល់នឹង Como ស្ថិតក្នុងក្របខណ្ឌលីគកំពូលអ៉ីតាលី Serie A រដូវកាលថ្មីឆ្នាំ២០២៥-២៦ អាចនឹងត្រូវបានធ្វើឡើងក្រៅទឹកដីអឺរ៉ុបជាលើកដំបូង។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ការជួបគ្នាចុងក្រោយបង្អស់ AC បានយកឈ្នះ Como ២-១ នៅ Serie A កាលអំឡុងខែមីនា ឆ្នាំ២០២៥។

ទន្ទឹមគ្នានោះដែរ ជំនួបរវាងក្រុមទាំងពីរ នឹងអាចក្លាយជាគូប្រកួតរបស់ក្រុមអ៉ីតាលីដំបូងគេ ដែលនឹងធ្វើឡើងនៅក្រៅតំបន់អឺរ៉ុបនាការប្រកួតក្នុងខែកុម្ភៈ ឆ្នាំ២០២៦ ទៅតាមគម្រោងដែលត្រូវបានប្រកាសរួចរាល់ គឺនឹងធ្វើនៅប្រទេសអូស្រ្តាលីដែនដីអាស៊ី។

សហព័ន្ធបាល់ទាត់អ៉ីតាលី (FIGC) ក៏បានបង្ហាញពីគម្រោងថានឹងប្រកួតនៅទីក្រុង Perth ហើយក៏ត្រូវមានការឯកភាពពីសហព័ន្ធ FIFA, UEFA និង AFC ទៀតផង។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ FIGC បានក៏បានបង្ហាញពីគំនិតវិជ្ជមាន ជុំវិញការនាំយក Serie A ទៅក្រៅតំបន់អឺរ៉ុប ដែលជាប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់បាល់ទាត់អ៉ីតាលី។

កន្លងមក ក្លិប FC Barcelona ធ្លាប់មានគម្រោងប្រកួតលីគ La Liga របស់ពួកគេទល់នឹង Atletico Madrid ទៅប្រកួតនៅទីក្រុង Miami សហរដ្ឋអាមេរិកដែរ និងក្រោយមកទល់នឹង Girona ក៏ប៉ុន្តែត្រូវបានរារាំងដោយសហព័ន្ធបាល់ទាត់អេស្ប៉ាញ ស្របពេល Premier League វិញ ពុំមានគម្រោងទៅប្រកួតក្រៅតែពីទឹកដីអង់គ្លេសឡើយ៕