(ភ្នំពេញ)៖ ក្រុមកីឡារាំកម្ពុជា បានឈ្នះមេដាយ ៥គ្រឿងបណ្ដោះអាសន្ន ក្នុងព្រឹត្តិការណ៍ប្រកួតកីឡារាំជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ (WDSF Asian-South East Asian Championship 2025) ក្រោយដំណើរការប្រកួត ២ថ្ងៃកន្លងមក ក្នុងនោះមានមេដាយប្រាក់ ១ និងសំរឹទ្ធ ៤គ្រឿង។

ព្រឹត្តិការណ៍ថ្នាក់តំបន់ និងទ្វីបនេះដែរ ធ្វើឡើងពីថ្ងៃទី៩-១៣ ខែកក្កដា ឆ្នាំ២០២៥ ដោយមានអត្តពលិកជាង ៣ពាន់នាក់ មកពី ៣៧ប្រទេសចូលរួម ក្នុងនោះក៏មានប្រតិភូ និងអត្តពលិកកម្ពុជាសរុបចំនួន ២១នាក់ផងដែរ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា។

ជាលទ្ធផលក្រោយដំណើរការប្រកួត ២ថ្ងៃ ពោលគឺគិតត្រឹមថ្ងៃទី១០ ខែកក្កដា ក្រុមកីឡារាំកម្ពុជា ទទួលបានមេដាយចំនួន ៥គ្រឿងបណ្ដោះអាសន្ន រួមមាន៖

១. កីឡាការិនី ឱ រចនា ឈ្នះមេដាយប្រាក់ ១ លើវិញ្ញាសារាំចង្វាក់ Jive និងឈ្នះមេដាយសំរឹទ្ធ ១ លើវិញ្ញាសារាំចង្វាក់ Paso Doble។
២. កីឡាករ សេង សុគីម និងកីឡាការិនី ម៉ូវ ដានីតា ឈ្នះមេដាយសំរឹទ្ធ ១ លើវិញ្ញាសារាំចង្វាក់ Paso Doble។
៣. កីឡាករ ជុំ លីហៀង និងកីឡាការិនី ឱ រក្សា ឈ្នះមេដាយសំរឹទ្ធ ២ លើវិញ្ញាសារាំចង្វាក់ Samba និងវិញ្ញាសារាំចង្វាក់ Cha Cha Cha៕