(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Amazon កំពុងពិចារណាលើការវិនិយោគរាប់ពាន់លានដុល្លារបន្ថែមទៀតក្នុងក្រុមហ៊ុនបញ្ញាសិប្បនិម្មិត (AI) Anthropic ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួន។ យោងតាមរបាយការណ៍របស់ Financial Times ការវិនិយោគដែលអាចកើតមាននេះ នឹងពង្រីកគម្រោងមុននរបស់ Amazon លើសពី ៨ ពាន់លានដុល្លារ ដែលបានធ្វើឡើងកាលពីខែវិច្ឆិកាឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។
ការវិនិយោគបន្ថែមនេះនឹងជួយ Amazon រក្សាតំណែងជាម្ចាស់ភាគហ៊ុនធំបំផុតមួយរបស់ Anthropic នាំមុខ Google ដែលបានវិនិយោគជាង ៣ ពាន់លានដុល្លារ។ លោក Dan Grossman អនុប្រធានផ្នែកអភិវឌ្ឍន៍សាជីវកម្មទូទាំងពិភពលោកនៅ Amazon បានសង្កត់ធ្ងន់លើគោលដៅរួមសំខាន់ៗរវាងក្រុមហ៊ុនទាំងពីរ។ ទោះបីជា Anthropic បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះក៏ដោយ ហើយ Amazon មិនទាន់ឆ្លើយតបភ្លាមៗក៏ដោយ ការពិភាក្សានេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ Amazon ក្នុងការឈានមុខគេក្នុងការអភិវឌ្ឍ AI។
គួរជម្រាបថា បច្ចុប្បន្ន Amazon កំពុងព្យាយាមបង្កើនកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងការអភិវឌ្ឍ AI ជាពិសេសបន្ទាប់ពីគូប្រជែងដូចជា OpenAI និង Google បាននាំមុខជាមួយនឹងម៉ូដែលដែលផ្តោតលើអ្នកប្រើប្រាស់។ ក្រៅពីការវិនិយោគដ៏ធំទាំងនេះ ក្រុមហ៊ុនជាច្រើនកំពុងបង្កើនការវិនិយោគរបស់ខ្លួនលើ AI និងប្រើប្រាស់បច្ចេកទេសច្នៃប្រឌិតដើម្បីជ្រើសរើសបុគ្គលិក AI ដែលមានទេពកោសល្យខ្ពស់។ នេះឆ្លុះបញ្ចាំងពីការប្រកួតប្រជែងដ៏ក្តៅគគុកក្នុងការទទួលបានអ្នកជំនាញកំពូលៗក្នុងវិស័យ AI៕