(បរទេស)៖ នៅដើមខែកក្កដា ឆ្នាំ២០២៥នេះ លោក Jack Dorsey ដែលជាអតីតសហស្ថាបនិក Twitter និងជានាយកប្រតិបត្តិក្រុមហ៊ុន Block បានបង្ហាញជាសាធារណៈពីកម្មវិធីថ្មីមួយឈ្មោះថា «Bitchat» ដែលជាកម្មវិធីផ្ញើសារតាម Bluetooth ដ៏ពិសេសមួយ ដោយមិនចាំបាច់មានសេវាអ៊ីនធឺណិត ឬ Wi-Fi ឡើយ។
តើ Bitchat ដំណើរការយ៉ាងដូចម្តេច?
Bitchat ប្រើបច្ចេកវិទ្យា Bluetooth Low Energy mesh networking ដែលអាចឲ្យឧបករណ៍នីមួយៗផ្ញើសារទៅគ្នាបានដោយផ្ទាល់ ហើយអាចឆ្លងកាត់ឧបករណ៍ជាប់ៗគ្នា ដើម្បីពង្រីកចម្ងាយផ្ញើសារអាចដល់ទៅ៣០០ម៉ែត្រ។ វាផ្ដល់ភាពងាយស្រួលក្នុងការទំនាក់ទំនងនៅទីតាំងដែលគ្មានបណ្តាញអ៊ីនធឺណិត។
ក្រៅពីនេះវាមានលក្ខណៈសំខាន់ៗជាច្រើនដូចជា៖
១៖ គ្មានគណនី ឬលេខទូរស័ព្ទ៖ អ្នកប្រើអាចផ្ញើសារដោយផ្ទាល់ ដោយមិនចាំបាច់បង្កើតគណនី ឬបញ្ចូលព័ត៌មានផ្ទាល់ខ្លួន។
២៖ ការសម្ងាត់ខ្ពស់៖ មានការអ៊ិនគ្រីប (end-to-end encryption) និងមុខងារផ្សេងៗដូចជា dummy messages, ការបំប្លែងពេលវេលា និង «មុខងារ panic» សម្រាប់លុបទិន្នន័យបន្ទាន់។
៣៖ ប្រើបាននៅគ្រប់ទីកន្លែង៖ អាចប្រើបានក្នុងស្ថានភាពបាត់បង់បណ្តាញអ៊ីនធឺណិត ដូចជា គ្រោះមហន្តរាយ បាតុកម្ម កន្លែងទីប្រជុំជន ឬតំបន់ដាច់ស្រយាល។
ទោះជាយ៉ាងណាក៏ដោយ កម្មវិធីនេះស្ថិតនៅក្នុងដំណាក់កាលសាកល្បង (beta) ពោលគឺអាចទាញយកបានតាម Apple TestFlight សម្រាប់ iOS និងមាន build សម្រាប់ Android តាមរយៈ GitHub។ ងាកមកបញ្ហាសុវត្ថិភាពមិនទាន់បានធ្វើតេស្តផ្លូវការទេ ព្រោះអ្នកវិភាគបានរកឃើញបញ្ហាអាចឲ្យអ្នកដទៃវាយប្រហារប្រព័ន្ធបាន និង impersonate អ្នកប្រើផ្សេងៗ។ លោក Jack Dorsey ក៏បានបញ្ចាក់ថា វាជាគម្រោងសម្រាប់សាកល្បង និងមិនគួរប្រើសម្រាប់ស្ថានភាពទូទៅឡើយ។ កម្មវិធីនេះ ក៏គ្មានសេវាកម្មម៉ាស៊ីនមេ (server) ដែរ ពោលគឺសារទាំងអស់ដំណើរការផ្ទាល់តាមឧបករណ៍ ជាស្ថាបត្យកម្មបែប Decentralized៕