(ភ្នំពេញ)៖ ក្រុមហ៊ុន អាកាសចរណ៍ AirAsia Cambodia បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយនឹងក្រុមជើងឯកលីគកំពូលកម្ពុជា (Cambodia Premier League) ព្រះខ័នរាជស្វាយរៀង កាលពីពេលថ្មីៗនេះ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ក្លាយជាដៃគូសហការរបស់ក្លឹប សម្រាប់ដំណើរទស្សនកិច្ច និងចូលរួមប្រកួតមិត្តភាពទៅកាន់ទីក្រុងកូឡាឡាំពួរ នាពេលខាងមុខនេះ។ កិច្ចសហការគ្នានេះ នឹងពង្រឹងចក្ខុវិស័យរួមគ្នារវាងក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia និងក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្នុងការលើកកម្ពស់វិស័យបាល់ទាត់កម្ពុជា ទៅកាន់វគ្គតំបន់។
ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia នឹងផ្តល់សំបុត្រយន្តហោះដល់ថ្នាក់ដឹកនាំ ព្រមទាំងក្រុមកីឡាកររបស់ក្លឹបដែលមានសមាជិកចំនួន៥១នាក់ ក្នុងដំណើរទស្សនកិច្ច និងចូលរួមប្រកួតមិត្តភាពមុនរដូវកាលរបស់ក្លឹប ដែលធ្វើដំណើរចេញពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងកូឡាឡាំពួរ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។ ជាផ្នែកមួយនៃកម្មវិធីហ្វឹកហាត់មុនរដូវកាល និងអភិវឌ្ឍន៍ខ្លួនរបស់ក្លឹប ដែលដំណើរទស្សនកិច្ច និងចូលរួមប្រកួតមិត្តភាពនេះ នឹងបង្ហាញពីវគ្គបណ្តុះបណ្តាលយ៉ាងស៊ីជម្រៅ និងការប្រកួតមិត្តភាពជាមួយនឹងក្លឹបល្បីៗ របស់ប្រទេសម៉ាឡេស៊ី។ គំនិតផ្តួចផ្តើមនេះ គឺជាឱកាសដ៏មានតម្លៃមួយដល់កម្ពុជា ក្នុងការបង្ហាញខ្លួនលើឆាកអន្តរជាតិ ក្នុងការលើកកម្ពស់មោទនភាពជាតិ និងពង្រឹងទំនាក់ទំនងក្នុងតំបន់ តាមរយៈទំនាក់ទំនងការទូតកីឡា។
កិច្ចសហការគ្នានេះ បានឆ្លុះបញ្ចាំងពីតម្លៃស្នូលរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia «ដើរតាមក្តីស្រមៃ» (Dare to Dream) និងស្របជាមួយនឹងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់អត្តពលិក និងការបង្រួបបង្រួមសហគមន៍ ប្រជាជាតិអាស៊ានតាមរយៈកីឡា។ ដោយធ្វើឱ្យការធ្វើដំណើរកាន់តែងាយស្រួល ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia នៅតែប្តេជ្ញាក្នុងការបន្តគាំទ្រយុវជន ដែលមានទេពកោសល្យ និងសមត្ថភាព និងលើកកម្ពស់មោទនភាពជាតិ ការរួបរួមគ្នា និងពង្រឹងទំនាក់ទំនងឆ្លងតំបន់ផងដែរ។ ជាមួយគ្នានេះ ភាគីទាំងពីរមានគោលបំណងបំផុសគំនិត ដល់អត្តពលិកជំនាន់ក្រោយរបស់កម្ពុជា និងបង្ហាញពីអានុភាពបង្រួបបង្រួមគ្នាតែមួយ នៃកីឡាក្នុងការផ្សារភ្ជាប់វប្បធម៌ និងពង្រឹងទំនាក់ទំនងតំបន់។
លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានមានប្រសាសន៍ថា «យើងខ្ញុំជឿជាក់លើការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងសហគមន៍ ហើយវិស័យកីឡា គឺជាមធ្យោបាយដ៏មានឥទ្ធិពលមួយ។ យើងខ្ញុំមានមោទនភាពក្នុងការគាំទ្រ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្នុងដំណើរទស្សនៈកិច្ចនិងចូលរួមប្រកួតមិត្តភាព និងរួមចំណែកក្នុងការលើកកម្ពស់ប្រជាជនកម្ពុជា ដែលមានទេពកោសល្យនៅទូទាំងតំបន់ផងដែរ។ ជាមួយនឹងការសហការគ្នានេះ យើងមានបំណងបន្តពង្រឹងសមត្ថភាពរបស់យុវជន និងជំរុញឱ្យមានការរួបរួមគ្នា នៅទូទាំងតំបន់អាស៊ានតាមរយៈការចែករំលែកបទពិសោធន៍បែបនេះ»។
លោក ឌី វិជ្ជា ប្រធានក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានមានប្រសាសន៍ថា «ការសហការគ្នានេះ គឺជាផ្នែកមួយនៃចក្ខុវិស័យកាន់តែធំទូលាយ ក្នុងការនាំយកវិស័យបាល់ទាត់កម្ពុជា ឆ្ពោះទៅកាន់កម្រិតខ្ពស់មួយដែលល្អប្រសើរ ខណៈដែលយើងធានាបានថា ក្រុមរបស់យើងបានត្រៀមខ្លួនយ៉ាងល្អ ដើម្បីប្រកួតនៅកម្រិតកំពូល។ យើងខ្ញុំសូមថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ដែលជឿជាក់លើចក្ខុវិស័យរបស់យើង និងការសំឡឹងឆ្ពោះទៅមុខ ដើម្បីទទួលបានភាពជោគជ័យ និងជាការសហការគ្នាមួយដ៏មានតម្លៃ»។
សូមបញ្ជាក់ថា ខណៈដែលក្រុមកីឡាករចាប់ផ្តើមដំណើរទស្សនកិច្ច និងចូលរួមប្រកួតមិត្តភាពមុនរដូវកាលនេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia សូមជូនពរក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទទួលបានភាពជោគជ័យជាមួយនឹងការបោះជំរុំហ្វឹកហាត់ និងការប្រកួតមិត្តភាពនៅឯប្រទេសម៉ាឡេស៊ី៕