(ភ្នំពេញ)៖ នៅឆ្នាំ២០២០ គឺជាឆ្នាំដែលយានដ្ឋាន សុគៀ អូតូ និងមីស្ទ័រឃ្លីន ខាឃែរ ចាប់កំណើតឡើង ពោលគឺក្នុងអំឡុងពេលនៃការរីករាលនៃជំងឺកូវីដ១៩។ លោក យឺន សុគៀដែលជាម្ចាស់យានដ្ឋាននេះ បានចាប់ផ្តើមអាជីវកម្មនេះ ក្រោមដើមទុនប្រមាណជាង១ម៉ឺន៥ពាន់ដុល្លារ ដោយជួលដីគេមួយកន្លែង ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងមួយខែ៣០០ដុល្លារ។
មុនពេលចាប់ផ្តើមដំណើរការយានដ្ឋានជួសជុលយានយន្តនេះ លោកសុគៀ បានបម្រើការងារជាងជាងជួសជុលម៉ូតូ និងឡាននៅតាមបណ្តាយានដ្ឋានជាច្រើននៅរាជធានីភ្នំពេញ អស់រយៈពេលជាង១០ឆ្នាំ។
ជាកូនទី៣ ក្នុងចំណោមបងប្អូន៦នាក់ លោក យឺន សុគៀ បានចាប់ផ្តើមទៅរៀនជុសជួលម៉ូតូតាំងពីវ័យ១៤ឆ្នាំ ក្រោយមកលោកបានវិវត្តទៅធ្វើជាជាងជួសជុសឡាន។ បើទោះបីជាលោក បានរៀន និងបម្រើការងារនៅរាជធានីភ្នំពេញក្តី ប៉ុន្តែលោកបានសម្រេចចិត្តមកបើករបរនេះនៅក្នុងខេត្តកោះកុងដែលជាស្រុកកំណើតរបស់ខ្លួន។
ក្នុងការបើកដំណើរការដំបូង យានដ្ឋានជួសជុលរថយន្ត របស់បុរសវ័យ៣៥ឆ្នាំរូបនេះ ជាលក្ខណៈយានដ្ឋានតូចមួយដែលអាចទទួលជួលជុសឡានបានត្រឹមតែពី១គ្រឿងទៅ៣គ្រឿង ក្នុងមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះ យានដ្ឋាននេះមានលទ្ធភាពទទួលជុសជួលឡានបានចាប់ពី៥គ្រឿងឡើងទៅ បន្ទាប់ពីលោកទទួលបានកម្ចីពីធនាគារដើម្បីពង្រីកលទ្ធភាពនៃការផ្តល់សេវាកម្ម។
ភាពជោគជ័យនៃការពង្រីកយានដ្ឋាននេះ គឺមិនមែនកើតចេញដោយភាពចៃដន្យនោះទេ ប៉ុន្តែកើតចេញពីការត្រៀមខ្លួន មានជំនាញច្បាស់លាស់ និងទំនុកចិត្តរបស់លោក រួមជាមួយនឹងការសន្សំចំណេះម្តងបន្តិចៗ ក្នុងអំឡុងពេលស៊ីឈ្នួលជាជាងឡាននៅតាមយានដ្ឋាននានា។
លើសពីនេះ វាក៏រួមផ្សំនឹងការចេះគ្រប់គ្រងកម្ចីបានល្អ ពោលគឺការប្រើប្រាស់កម្ចីឱ្យមានប្រសិទ្ធិភាព និងប្រើប្រាស់ចំគោលដៅ។
មានបទពិសោធជាង១៥ឆ្នាំ ក្នុងវិស័យជួសជុលយានយន្ត បើទោះបីជាលោកជួបបញ្ហាប្រឈមមួយចំនួន និងមានដៃគូប្រជែងច្រើន ចាប់តាំងពីចាប់ផ្តើមបើកដំណើរការដំបូងមកទល់ពេលបច្ចុប្បន្នក៏ដោយ ប៉ុន្តែលោកមិនដែលចង់បោះបង់ចោលអាជីវកម្មនេះនោះទេ ហើយនៅពេលខាងមុខ លោកគ្រោងនឹងពង្រីកសាខាបន្ថែមទៀតផងដែរ។
លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា ធនាគារបានរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់កម្ចីដល់ម្ចាស់អាជីវកម្មទាំងខ្នាតតូចនឹងធំ ប្រើសម្រាប់ចាប់ផ្តើម និងពង្រីកអាជីវកម្ម។ ប៉ុន្តែយ៉ាងណាមិញ ក៏ទាមទារឱ្យពួកគាត់ប្រើប្រាស់កម្ចីដោយមានប្រសិទ្ធភាពផងដែរ។
លោកបានពន្យល់ថា ការប្រើប្រាស់កម្ចីដោយមានប្រសិទ្ធភាព និងចំគោលដៅ គឺមានសារៈសំខាន់ណាស់ ដើម្បីធ្វើឱ្យអាជីវកម្មកាន់តែរីកចម្រើន និងមានលទ្ធភាពពង្រីកកាន់តែធំជាងមុន។ ប៉ុន្តែការណ៍នេះ ម្ចាស់អាជីវកម្ម គួរតែរៀបចំផែនការអាជីវកម្ម និងហិរញ្ញវត្ថុឱ្យច្បាស់លាស់ បើមិនដូច្នេះទេ កម្ចីនោះអាចក្លាយទៅជាកម្ចីវ័ន្តករ។ ដូច្នេះហើយរាល់ការផ្តល់កម្ចីដល់ម្ចាស់អាជីវកម្មណាមួយ មន្រ្តីឥណទានរបស់ធនាគារវីង តែងតែធ្វើការចុះវាយតម្លៃដោយផ្ទាល់ និងផ្តល់ជាការប្រឹក្សាយោបល់ ដើម្បីជំរុញឱ្យម្ចាស់អាជីវកម្ម ប្រើប្រាស់កម្ចីដោយមានប្រសិទ្ធភាព និងចំគោលដៅ។
សូមទស្សនា បទយកការណ៍ដូចតទៅ៖