(បរទេស)៖ សារព័ត៌មាន Bloomberg បានរាយការណ៍មកថា ក្រុមហ៊ុន Huawei Technologies កំពុងព្យាយាមនាំចេញបន្ទះឈីប AI ក្នុងចំនួនតិចតួចទៅកាន់ប្រទេសនានានៅមជ្ឈិមបូព៌ា និងអាស៊ីអាគ្នេយ៍ ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនអាមេរិក Nvidia។ ក្រុមហ៊ុនទូរគមនាគមន៍យក្សចិនមួយនេះ បានទាក់ទងអតិថិជនសក្តានុពលនៅអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងថៃ អំពីការទិញបន្ទះឈីប AI ជំនាន់ចាស់ Ascend 910B របស់ខ្លួន។ បើទោះជាយ៉ាងនេះក្តី កិច្ចព្រមព្រៀងនៅមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ហើយភាគីនៅអារ៉ាប់រួមមិនទាន់បង្ហាញការចាប់អារម្មណ៍នៅឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។
ក្រុមហ៊ុន Huawei កំពុងប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតបន្ទះឈីបធំៗរបស់សហរដ្ឋអាមេរិក ដោយផ្តល់ជូននូវបន្ទះឈីប Ascend 910B ក្នុងចំនួនរាប់ពាន់បន្ទះ។ លើសពីនេះ ក្រុមហ៊ុនក៏កំពុងព្យាយាមទាក់ទាញអតិថិជនជាមួយនឹងការចូលប្រើប្រាស់ពីចម្ងាយទៅកាន់ CloudMatrix 384 ដែលជាប្រព័ន្ធ AI មានមូលដ្ឋាននៅប្រទេសចិន និងបានបង្កើតឡើងដោយបន្ទះឈីប Huawei កម្រិតខ្ពស់ផងដែរ។ ទោះជាយ៉ាងនេះក្តី ប្រព័ន្ធនេះមិនទាន់ត្រៀមរួចរាល់សម្រាប់ការនាំចេញនៅឡើយ ដោយសារតែការផ្គត់ផ្គង់មានកំណត់។ ក្រុមហ៊ុនក៏បានផ្តោតលើការលក់បន្ទះឈីប 910C ដែលជាផលិតផលបន្ទះឈីប AI កម្រិតខ្ពស់របស់ខ្លួន ទៅកាន់ក្រុមហ៊ុនចិនដែលមិនអាចទទួលបានបន្ទះឈីបអាមេរិកល្អបំផុត ដោយសារតែការរឹតបន្តឹងរបស់សហរដ្ឋអាមេរិក។
គួរជម្រាបថា ក្រុមហ៊ុនយក្សចិននេះ កំពុងព្យាយាមពង្រីកទីផ្សារបន្ទះឈីប AI របស់ខ្លួន ខណៈដែលតំបន់មជ្ឈិមបូព៌ាបានក្លាយជាទីផ្សារដ៏សំខាន់សម្រាប់បច្ចេកវិទ្យានេះ ដែលក្រុមហ៊ុនអាមេរិកជាច្រើនដូចជា Nvidia ក៏បានចុះកិច្ចព្រមព្រៀងផងដែរ។ ការណ៍នេះកើតឡើងស្របពេលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅតែបន្តរឹតបន្តឹងការចូលប្រើប្រាស់បច្ចេកវិទ្យាបន្ទះឈីបកម្រិតខ្ពស់របស់ខ្លួនចំពោះប្រទេសចិន ដោយបារម្ភពីបញ្ហាសន្តិសុខ។ អ្នកនាំពាក្យរបស់ Nvidia បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ការរឹតបន្តឹងទាំងនេះបានធ្វើឱ្យក្រុមហ៊ុនរបស់ពួកគេមិនអាចចូលទីផ្សារមជ្ឈមណ្ឌលទិន្នន័យចិនបាន ដែលបច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយគូប្រជែងដូចជា Huawei»៕