(ភ្នំពេញ)៖ បន្ទាប់ពីមានសប្បុរសជននានា បានជួយដល់កញ្ញា ពេជ្រ ចរណៃ ដែលបានជួបហេតុការណ៍ដ៏រន្ធត់អគ្គីភ័យឆាបឆេះផ្ទះ បង្ហាត់បង្រៀនក្បាច់ល្បុក្កតោរបស់ខ្លួនរួចមក, នៅពេលនេះមានសប្បុរជនបន្ថែមទៀតហើយ បានឧបត្ថម្ភជាសម្ភារៈសំណង ដើម្បីសាងសង់ហាងឡើងវិញ និងបន្តឲ្យតារាសម្ដែង ពេជ្រ ចរណៃ មានលទ្ធភាពបង្រៀនសិស្សល្បុក្កតោបន្ថែមទៀត។ ជាក់ស្ដែងមិនបង្អង់យូរនោះទេ បន្ទាប់ពីត្រឡប់ពីក្រៅប្រទេសវិញភ្លាម នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ ឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប និងជាប្រធានសមាគមជាងសំណង់កម្ពុជា បាននាំយកសម្ភារៈសំណង់ រួមទាំងថ្នាំលាបជាច្រើនធុង សរុបជាទឹកប្រាក់ចំនួន ១២០០ដុល្លារ ទៅជួយកញ្ញា ពេជ្រ ចរណៃភ្លាមៗ ក្រោយពីភោជនីយដ្ឋានរបស់នាងទទួលរងការខូចខាតទាំងស្រុង ដោយសារអគ្គិសភ័យឆាបឆេះ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង៨៖៤០នាទីយប់ នៅតាមបណ្តោយផ្លូវ ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
ឧកញ៉ា ហ៊ួត ជា បានថ្លែងឱ្យដឹងថា នៅក្នុងការចុះទៅជួយកញ្ញា ពេជ្រ ចរណៃនាពេលនេះ គឺធ្វើឡើងបន្ទាប់ពីលោកបានសន្យាថា នឹងជួយសម្ភារៈគ្រឿងសំណង់ខ្លះៗក្នុងការជួសជុលរៀបចំហាងឡើងវិញ។ យើងមិនត្រឹមតែជួយជាសម្ភារៈសំណង់តែប៉ុណ្ណោះទេ ក្រុមហ៊ុន ហ៊ួត ជា ក៏បានផ្ដល់ឱកាសនិងអញ្ជើញកញ្ញា ពេជ្រ ចរណៃ ឱ្យធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀតផង។ លោកឧកញ៉ារំពឹងថា ក្រោយពីលោកទទួលកញ្ញា ពេជ្រ ចរណៃ ឱ្យធ្វើជា BA បងប្អូនប្រជាពលរដ្ឋនឹងជួយគាំទ្រថ្នាំលាប MC PAINT កាន់តែច្រើនឡើងថែមទៀត។
តារាសម្តែងក្បាច់គុនល្បុក្កតោ ពេជ្រ ចរណៃ បានរៀបរាប់ពីការខាតបង់ អំពីអគ្គិភ័យ ឆាប់ឆេះហាងកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ដែលគិតជាថវិកាអស់ប្រមាណជាង ២៥ម៉ឺនដុល្លារអាមេរិក។ កញ្ញា ពេជ្រ ចរណៃ បានសម្ដែងនូវការអរគុណជាអនេក ដល់លោកឧកញ៉ា ហ៊ួត ជា ដែលបានជួយឧបត្ថម្ភដល់រូបនាង ដែលកំពុងជួបការលំបាក និងខ្វះខាតដោយគ្រោះហេតុការណ៍ជាយថាហេតុនៅពេលនេះ។ រូបនាងពិតជាអរគុណ នឹងដឹងគុណជាខ្លាំងដល់លោកឧកញ៉ា ដែលជាសប្បុរជនចេះជួយគ្នាក្នុងគ្រាក្រ ជាពិសេសបានទទួលយករូបនាងធ្វើជា BA របស់ក្រុមហ៊ុនខ្លួនបន្ថែមទៀត។
លោកឧកញ៉ា ហ៊ួត ជា គឺជាអគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប, ប្រធានសមាគមជាងសំណង់កម្ពុជា និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា។ លោកឧកញ៉ា បានបង្កើតក្រុមហ៊ុន ហ៊ួត ជា គ្រុប រយៈពេលប្រមាណ ១៤ឆ្នាំមកហើយ។ បច្ចុប្បន្ន ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់មួយនេះ កំពុងទទួលបានការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើន ដោយសារកត្តាគុណភាព និងតម្លៃសមរម្យ ជាពិសេសមានការនាំចូលពីក្រៅប្រទេស យ៉ាងប្រណីតៗផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្បាច់គុនល្បុក្កតោ ត្រូវបានដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តចុះគុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្នុងសេចក្តីសម្រេច 17.COM7.b.1។ គុនល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរ ដែលចាក់ឫសចាក់គល់យ៉ាងជ្រៅ នៅក្នុងសង្គមខ្មែរជាច្រើនសតវត្សមកហើយៗ បន្តរស់រានក្នុងសង្គមខ្មែររហូតដល់បច្ចុប្បន្ន៕