(ភ្នំពេញ)៖ អ្នកឧកញ៉ា គឹម សុខអេង ប្រធានសភាយុវពាណិជ្ជករកម្ពុជា សាខាងមេគង្គ JCI Mekong និងជាម្ចាស់គម្រោង ម្ចាស់គម្រោងបុរី KK The Residence 598 ត្រូវបានស្ថានប័នអន្តរជាតិល្បីឈ្មោះមួយ ប្រគល់ពានរង្វាន់«ជើងឯកអាជីវកម្ម CSR អាស៊ានឆ្នាំ 2025(GREAT ASEAN CSR BUSINESS AWARD 2025)»ដែលបង្ហាញពីចូលរួមចំណែកជួយដល់សង្គម និងទំនួលខុសត្រូវចំពោះសង្គម។
ការផ្តល់ពានរង្វាន់ ពីស្ថាប័ន Asia Prestige CEO Excellence Award បានឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំអាជីវកម្ម ការរួមចំណែកជួយសង្គម និងបន្តជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅទូទាំងតំបន់អាស៊ាន។
សកម្មភាពជួយសង្គម ដែលអ្នកឧកញ៉ាបានធ្វើកន្លងមក មានដូចជា ជួយមន្ទីរពេទ្យគន្ធបុប្ផា សង់សាលារៀននៅតាមតំបន់ជនបទ ដើម្បីលើកកម្ពស់ការសិក្សារបស់កុមារនៅតាមតំបន់ជនបទ។ នាពេលអនាគត អ្នកឧកញ៉ា ក៏មានគម្រោងច្នៃផ្ទះចាស់ៗ ជាផ្ទះថ្មី ជូនទៅដល់បងប្អូនដែលគ្មានផ្ទះសម្បែង បានរស់នៅជាសហគមន៍ផងដែរ។
ក្នុងនាមជាម្ចាស់ពានរង្វាន់«ជើងឯកអាជីវកម្ម CSR អាស៊ានឆ្នាំ 2025» អ្នកឧកញ៉ា គឹម សុខ អេង បានទឹកចិត្តដល់ម្ចាស់អាជីវកម្មផ្សេងៗទៀត ចូលរួមជួយដល់សង្គមឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន មិនថាជាទឹកប្រាក់ ឬ កម្លាំងកាយ ឬ កម្លាំងចិត្ត ឬគំនិតច្នៃប្រឌិត ឬផែនការផ្សេងៗ សុទ្ធតែជាគុណតម្លៃដែលសង្គមត្រូវការទាំងអស់ ដែលជាផ្នែកមួយជួយឱ្យសង្គមជាតិកាន់តែរីកចម្រើន។
ជាមួយគ្នានេះ អ្នកឧកញ៉ា គឹម សុខ អេង បានថ្លែងអំណរគុណដល់ ស្ថាប័ន Asia Prestige CEO Excellence Award ដែលបានផ្តល់ពានរង្វាន់ ASEAN CSR BUSINESS AWARD 2025 ជូនអ្នកឧកញ៉ា ដែលជាកម្លាំងចិត្តក្នុងការចូលរួមជួយសង្គមបន្តទៀត។
សូមជម្រាបថា អ្នកឧកញ៉ា គឹម សុខអេង គឺជាម្ចាស់បុរី ខេស៊ី (Borey KC) ដែលមានទីតាំងស្ថិតនៅជិតផ្សារព្រែកព្នៅ ខណ្ឌព្រែកព្នៅ និងបុរី KK The Residence 598 ផ្លូវជាសុផារ៉ា ដែលជាគម្រោងអភិវឌ្ឍន៍លំនៅឋានបែបទំនើបស៊ីវិល័យ។
អ្នកឧកញ៉ាក៏ជាស្ថាបនិកក្លិបហាត់ប្រាណ បឹងកេងកង ,ជាសមាជិកសមាគមឧកញ៉ាកម្ពុជា,សមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសមាជិកសមាគមអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាផងដែរ៕