(បរទេស)៖ ខ្សែបម្រើអង់គ្លេស Jordan Henderson នឹងចុះកិច្ចសន្យាលេងឱ្យក្លិបឃ្មុំ Brentford ឆាប់ៗនេះ ក្រោយពេលចាកចេញពីក្លិប Ajax របស់ហូឡង់នាដើមសប្តាហ៍នេះរួចមក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
កីឡាករវ័យ ៣៥ឆ្នាំរូបនេះនឹងចុះកិច្ចសន្យា ២ឆ្នាំជាមួយ Brentford បន្ទាប់ពី Ajax បានព្រមព្រៀងបញ្ចប់កិច្ចសន្យាដែលទើបលេងបានតែ ១ឆ្នាំប៉ុណ្ណោះ នៅពេល Henderson ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្លិបនៅអង់គ្លេស និងអឺរ៉ុបផ្សេងទៀត ក៏ប៉ុន្តែទីបំផុត Brentford ជាអ្នកទទួលបានជ័យជម្នះ ក្នុងការឆក់យកអតីតកីឡាករ Liverpool រូបនេះ។
ការប្រកបអាជីពនៅ Premier League វានឹងងាយស្រួលមើលឃើញពីសំណាក់អ្នកចាត់ការទូទៅ Thomas Tuchel ពីការរួមចំណែកជាមួយក្រុមតោកំណាចអង់គ្លេស ដើម្បីលេងពាន World Cup នាឆ្នាំក្រោយ។
Henderson ដែលចូលលេងបាន ៨៤ប្រកួត និងរកបាន ៣គ្រាប់ផងនោះជាមួយអង់គ្លេស នឹងទៅបំពេញបន្ថែមនៅតំបន់បម្រើរបស់ Brentford ក្រោយពេលអតីតប្រធានក្រុមឃ្មុំ Christian Norgaard បានផ្លាស់ចេញទៅចូលរួមជាមួយ Arsenal នាពេលថ្មីៗនេះ៕