(បរទេស)៖ លោក Jensen Huang នាយកប្រតិបត្តិនៃក្រុមហ៊ុន Nvidia ត្រូវបានគេរាយការណ៍ថា ជួបប្រធានាធិបតីអាមេរិក Donald Trump នៅសេតវិមានក្នុងថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥ មុនពេលលោកធ្វើដំណើរទៅប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។

ការជួបគ្នារវាងលោក Jensen Huang និង Donald Trump នេះ​ កើតមានឡើងស្របពេលតម្លៃទីផ្សារក្រុមហ៊ុន Nvidia កើនឡើងដល់ ៤ទ្រីលានដុល្លារ នៅថ្ងៃទី១០ ខែកក្កដា ដែលបានបង្កើតកំណត់ត្រាជា​ក្រុមហ៊ុនអាមេរិកដំបូងបង្អស់ឈានដល់កម្រិតនេះ។ ងាកមកមូលហេតុនៃការជួបគ្នានេះ មិនត្រូវបានបង្ហាញច្បាស់នោះទេ តែវាក៏កើតឡើងនៅពេលដែលក្រុមហ៊ុន Nvidia កំពុងប្រឈមមុខនឹងការរឹតបន្តឹងនាំចេញពីសហរដ្ឋអាមេរិកទៅកាន់ចិន ដែលបានប៉ះពាល់យ៉ាងធ្ងន់ដល់ការលក់ឈីបAI ប្រភេទ H20។ ដោយគិតត្រឹមត្រីមាសទី១ មានការខាតបង់ប្រហែល ២.៥ពាន់លានដុល្លារ ហើយរំពឹងថាត្រីមាសទី២នឹងខាតបន្ថែម ៨ពាន់លានដុល្លារ។ បន្ទាប់ពីជួបលោក Trump, លោក Huang នឹងធ្វើដំណើរទៅទីក្រុងប៉េកាំង ដើម្បីបើកបង្ហាញឈីប AI ថ្មីមួយដែលបានកែប្រែសម្រាប់ទីផ្សារចិន ដែលអាចបំពេញតាមលក្ខខណ្ឌនៃបទបញ្ជាអាមេរិក ដើម្បីរក្សាបានទីផ្សារចិន។ លោកមានគម្រោងជួបជាមួយមន្រ្តីពាណិជ្ជកម្មកំពូលចិន ក្នុងព្រឹត្តិការណ៍ International Supply Chain Expo ផងដែរ។

គួរជម្រាបថា តាមការសន្និដ្ឋាន ការជួបនេះគឺពាក់ព័ន្ធនឹងការតស៊ូមតិផ្នែកនយោបាយ និងពាណិជ្ជកម្ម នៅពេលក្រុមហ៊ុន Nvidia កំពុងឈានដល់កម្រិតកំពូលក្នុងទីផ្សារ។ ការបង្កើតឈីបផ្ទាល់សម្រាប់ទីផ្សារចិន បង្ហាញពីយុទ្ធសាស្ត្រដែលព្យាយាមបញ្ចៀសនឹងបទបញ្ជានាំចេញពិតប្រាកដ៕