(ភ្នំពេញ)៖ លោកបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា(EFC) បានចាត់ទុកការចាប់ដៃគូអភិវឌ្ឍជាមួយភាគីចិន នឹងជារួមចំណែកដ៏សំខាន់ ក្នុងការជំរុញវិស័យកីឡាអេឡិចត្រូនិកម្ពុជាឲ្យកាន់តែរីកចម្រើន ពិសេសគឺការបង្កើតឱកាសថ្មីៗសម្រាប់យុវជនខ្មែរ ដែលស្រលាញ់ចូលចិត្ត និងមានទេពកោសល្យជាមួយវិស័យកីឡាបែបឌីជីថលមួយនេះ។
ការគូសបញ្ជាក់នេះ បន្ទាប់ពីសហព័ន្ធ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាមួយសមាគមវប្បធម៌ចិន និងក្រុមហ៊ុន (អេជី ថេកណូឡូជី អ៊ិនវេសមិន) របស់ប្រទេសចិន កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។
គោលបំណងសំខាន់នៃការចុះ MOU ខាងលើ គឺដើម្បីអភិវឌ្ឍកីឡាអេឡិចត្រូនិក នៅតំបន់អង្គរ ខេត្តសៀមរាប ដោយផ្តោតសំខាន់លើ៖ ១. ការរៀបចំវគ្គបណ្ដុះបណ្ដាលបច្ចេកទេស និងការគ្រប់គ្រងកីឡាអេឡិចត្រូនិក។ ២. ការរៀបចំព្រឹត្តិការណ៍បែបបង្ហាញវប្បធម៌ និងការប្រកួតប្រជែងកីឡាអេឡិចត្រូនិក។ ៣. ការផ្លាស់ប្តូរយុវជន និងអ្នកជំនាញរវាងប្រទេសទាំងពីរ(កម្ពុជា-ចិន) និង ៤. ការផ្គត់ផ្គង់ឧបករណ៍បច្ចេកវិទ្យា និងការគាំទ្រផ្នែកគ្រប់គ្រងជាដើម។
លោកបណ្ឌិត ជា ច័ន្ទបរិបូរណ៍ បានគូសបញ្ជាក់ថា នេះគឺជាជំហានដ៏សំខាន់មួយ ក្នុងការចាប់ផ្តើមសហការយ៉ាងជាផ្លូវការរវាងអង្គភាពពីរនេះ ដែលមានគោលបំណងដ៏ល្អឥតខ្ចោះក្នុងការជម្រុញ និងអភិវឌ្ឍន៍វិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា តាមរយៈការចែករំលែកបទពិសោធន៍ សមត្ថភាព និងធនធានចម្បងៗដើម្បីបង្កើតឱកាសថ្មីៗសម្រាប់យុវជនខ្មែរ។
លោកមានសុទិដ្ឋិនិយមថា «តាមរយៈការចូលរួមរបស់សមាគមវប្បធម៌ចិន យើងកាន់តែជឿជាក់ថា វិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា នឹងទទួលបានការគាំទ្រដែលមានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាដូចជា ការខ្វះការបណ្តុះបណ្តាល, ការអភិវឌ្ឍអគារសម្ពន្ធ, ការគាំទ្រថវិកា និងការទទួលស្គាល់ជាផ្លូវការអន្តរជាតិ។ លើសពីនេះ កិច្ចសហការនេះនឹងក្លាយជាប្រភពចម្បងក្នុងការលើកកម្ពស់សិទ្ធិយុវជនក្នុងការចូលរួមសកម្មភាពសង្គម បង្កើតគំនិតច្នៃប្រឌិត បង្កើតអាជីពថ្មីៗ ហើយផ្តល់ឱកាសឲ្យពួកគេចូលរួមក្នុងចលនាពិភពលោក»។
ប្រធានសហព័ន្ធដដែលបន្ថែមថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា គឺមានគោលបំណងច្បាស់លាស់ក្នុងការក្លាយជាកន្លែងរួមសម្រាប់យុវជនដែលមានសក្ដានុពល និងបំណងប្រាថ្នា ដើម្បីអភិវឌ្ឍខ្លួនឯងតាមរយៈកីឡាឌីជីថល។ ការចូលរួមជាមួយដៃគូអន្តរជាតិ ដូចជាសមាគមវប្បធម៌ចិន គឺជាវិធីដ៏ល្អក្នុងការដោះស្រាយសម្ពាធនានា និងបង្កើតចម្ងាយនៃភាពជោគជ័យ៕