(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានជូនដំណឺងទៅកាន់ក្លិប Cystal Palace កាលពីថ្ងៃសុក្រម្សិលមិញ ដែលពួកគេមានកៅអីលេងត្រឹមវគ្គចែកពូលពានកម្រិតទី៣ អឺរ៉ុប Conference League រដូវកាលក្រោយ ដោយទុកកៅអី Europa League អាចត្រូវបានជំនួសដោយ Nottingham Forest ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧ ក្នុងលីគរដូវកាល។

ភ្លាមៗនោះដែរ លោក Steve ម្ចាស់ក្លិបឥន្រ្ទីមួយនេះបានចាត់ទុកថាការសម្រេចចិត្តនេះ «ជាការសម្រេចចិត្តដ៏អយុត្តិធម៌បំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់»។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ទោះជាយ៉ាងណា UEFA ក៏បានបង្ហើបដែរ ក្លិបលេងនៅ Premier League របស់អង់គ្លេសមួយនេះ អាចដាក់ពាក្យប្តឹងទៅតុលាការកីឡា CAS ជាបន្តទៀតបាន។

ជាការកត់សម្គាល់ផងដែរ Crystal Palace បានយកឈ្នះ Manchester City ដណ្តើមបានពាន FA Cup រដូវកាលមុន ដែលពួកគេទទួលបានកៅអីវគ្គចែកពូលស្វ័យប្រវត្តិមួយនៅពានលំដាប់ទី២ អឺរ៉ុប UEFA Europa League រដូវកាល ២០២៥-២៦ ក៏ប៉ុន្តែជាអកុសល ក្លិបមួយនេះមានម្ចាស់ច្រើន ដោយខុសទៅនឹងលក្ខខណ្ឌរបស់ UEFA។

កន្លងមក Palace ក៏បានបដិសេធថាលោក John Textor ដែលជាម្ចាស់ផងនោះ ពុំមានឥទ្ធិពលពីការសម្រេចណាមួយក្នុងក្លិបនេះឡើយ ក៏ប៉ុន្តែ Premier League មិនទទួលយកឡើយ៕