(បរទេស)៖ អ្នកស្រាវជ្រាវជប៉ុនបានបំបែកឯតទគ្គកម្មល្បឿនអ៊ីនធឺណិតពិភពលោក ដោយសម្រេចបាននូវល្បឿនដ៏គួរឱ្យភ្ញាក់ផ្អើល ១.០២ ពេតាប៊ីតក្នុងមួយវិនាទី (Pbps)។ សមិទ្ធផលដ៏អស្ចារ្យនេះត្រូវបានប្រកាសនៅក្នុងខែមិថុនា ឆ្នាំ២០២៥ ដោយវិទ្យាស្ថានជាតិបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (NICT) របស់ប្រទេសជប៉ុន ដោយសហការជាមួយក្រុមហ៊ុន Sumitomo Electric និងដៃគូអឺរ៉ុប។

ដើម្បីឱ្យយើងងាយយល់ ១.០២ Pbps គឺស្មើនឹង ១,០២០,០០០ ជីហ្គាប៊ីតក្នុងមួយវិនាទី (Gbps)។ តាមទ្រឹស្ដី ល្បឿននេះអាចឱ្យអ្នកទាញយកវីដេអូចេញពី Netflix (Netflix library) ទាំងមូលក្នុងរយៈពេលតិចជាងមួយវិនាទី ឬវីដេអូ 8K រាប់លានក្នុងពេលដំណាលគ្នា។ វាលឿនជាងល្បឿនអ៊ីនធឺណិតជាមធ្យមនៅសហរដ្ឋអាមេរិកប្រហែល ៣.៥ លានដង និងលឿនជាងល្បឿនជាមធ្យមនៅឥណ្ឌាដល់ទៅ ១៦ លានដង។

ស្នូលនៃភាពជោគជ័យផ្នែកបច្ចេកវិទ្យានេះស្ថិតនៅត្រង់ការប្រើប្រាស់ ខ្សែកាបអុបទិក ១៩ គ្រាប់។ ខុសពីខ្សែកាបអុបទិកតែមួយគ្រាប់ទូទៅ ខ្សែកាបច្នៃប្រឌិតថ្មីនេះមានបណ្តុំផ្លូវពន្លឺដាច់ដោយឡែកចំនួន ១៩ នៅក្នុងអង្កត់ផ្ចិតស្តង់ដារដូចគ្នា (០.១២៥ មីលីម៉ែត្រ) ទៅនឹងខ្សែកាបដែលមានស្រាប់។ អ្នកស្រាវជ្រាវបានពណ៌នាថា នេះដូចជាការបង្កើត «ផ្លូវហាយវេ ១៩ គន្លង» សម្រាប់ទិន្នន័យ។

ដើម្បីដោះស្រាយបញ្ហាការបាត់បង់សញ្ញាក្នុងចម្ងាយឆ្ងាយបែបនេះ ក្រុមការងារក៏បានបង្កើត ប្រព័ន្ធពង្រីកសញ្ញាដ៏ទំនើបដែលបង្កើនសញ្ញានៅទូទាំងបណ្ដាលប្រេកង់រលកពន្លឺជាច្រើនក្នុងពេលដំណាលគ្នា ដោយប្រើប្រាស់រលកពន្លឺ ១៨០ ជាមួយនឹងដំណើរការសញ្ញាទំនើប។ ការរួមបញ្ចូលគ្នារវាងខ្សែកាបអុបទិកច្រើនគ្រាប់ និងប្រព័ន្ធពង្រីកសញ្ញាទំនើបនេះ បានធ្វើឱ្យមានល្បឿនបំបែកឯតទគ្គកម្មជាបន្តបន្ទាប់។

ខណៈពេលដែលបច្ចេកវិទ្យានេះកំពុងស្ថិតក្នុងការសាកល្បងនៅក្នុងមន្ទីរពិសោធន៍ វាជាជំហានដ៏សំខាន់ឆ្ពោះទៅរកការបំពេញតម្រូវការទិន្នន័យពិភពលោកដែលកំពុងកើនឡើងឥតឈប់ឈរ ដោយសារការរីកចម្រើននៃ AI, យានយន្តស្វយ័ត, Cloud computing និងឧបករណ៍រាប់ពាន់លានដែលបានភ្ជាប់អ៊ីនធឺណិត។ នេះបង្ហាញពីអនាគតដែលសមត្ថភាពបណ្តាញអាចត្រូវបានពង្រីកយ៉ាងសម្បើម ដោយមិនចាំបាច់តម្លើងហេដ្ឋារចនាសម្ព័ន្ធថ្មីទាំងស្រុងនោះទេ៕