(ភ្នំពេញ)៖ សមាគមសិល្បករខ្មែរ បានបើកកិច្ចសហប្រតិបត្តិការរួមគ្នា ជាមួយមន្ទីរពេទ្យធ្មេញសន្តិភាព ដោយឈរលើស្មារតីនៃត្រីវិស័យតម្រង់ទិសតែមួយគឺ «រួមគ្នាដើម្បីសិល្បៈវប្បធម៌» ដោយបានធ្វើពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នារវាងសមាគមសិល្បករខ្មែរ ដែលមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធាន និងលោកស្រីទន្តបណ្ឌិត ឃាម ស្រីហ៊ុច, ប្រធានមន្ទីរព្យាបាលធ្មេញសន្តិភាព នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់សមាគមសិល្បករខ្មែរ សមាជិកសមាជិកាដែលជាសិល្បករ-សិល្បការិនី និងក្រុមការងាររបស់មន្ទីរពេទ្យធ្មេញសន្តិភាពជាច្រើននាក់។
ថ្លែងនៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានៅថ្ងៃនេះ ហាក់ដូចជាខុសប្លែកពីការចុះ អនុស្សរណៈនៃការយោគយល់គ្នាកាលពីលើកមុនៗ។ ខុសប្លែកត្រង់ថា យើងជាស្ថាប័នសិល្បៈវប្បធម៌, ចុះហេតុអ្វីទៅរៀបចំកិច្ចសហប្រតិបត្តិការ ជាមួយមន្ទីរព្យាបាលមាត់ធ្មេញទៅវិញ? ប៉ុន្តែយ៉ាងណា ជំទាវអ្នកឧកញ៉ាសុំបញ្ជាក់យ៉ាងខ្លីថា នេះជាការងាររួមគ្នាដ៏មានសារៈសំខាន់ ពោលគឺជាការស្វែងរកផលប្រយោជន៍រួម ជូនសិល្បក-រសិល្បការិនីជាសមាជិកទាំងអស់គ្នា។
លោកជំទាវអ្នកឧកញ៉ាបានបន្តថា ជាការពិតផ្តើមចេញពីការមូលចិត្ត មូលគំនិត ដោយឈរលើស្មារតីនៃត្រីវិស័យតម្រង់ទិសតែមួយគឺ «រួមគ្នាដើម្បីសិល្បៈវប្បធម៌» នោះ, យើងសង្កេតឃើញថា តាមរយៈសកម្មភាពការងារដ៏សកម្ម និងរស់រវើករបស់សមាគមសិល្បករខ្មែរ នៅក្នុងរយៈពេលជាងមួយឆ្នាំនៃអាណត្តិទី៦នេះ បានផ្តល់នូវទម្ងន់នៃទំនុកចិត្ត និងការជឿជាក់ខ្ពស់បំផុត ទាំងនៅក្នុងចំណោម ថ្នាក់ដឹកនាំ មជ្ឈដ្ឋានសិល្បៈ និងមហាជនទូទៅ ពិសេសយើងពិតជាទទួលបានការវាយតម្លៃខ្ពស់ពីសប្បុរជននានា។ ជាក់ស្តែង ជំទាវអ្នកឧកញ៉ាពិតជាមានក្តីរំភើបនៅពេល ដែលមន្ទីរព្យាបាលធ្មេញសន្តិភាព បានលើកឡើងពីបំណងចូលរួមជួយ និងលើកស្ទួយសិល្បៈវប្បធម៌ ពិសេសការរួមគ្នាគិតគូរពីសុខទុក្ខរបស់សិល្បករ-សិល្បការិនីរៀមច្បង ដែលជាមរតកមនុស្សរស់ដ៏មានតម្លៃបំផុត នៃគ្រឹះសិល្បៈវប្បធម៌ខ្មែរ ហើយនេះក៏ជាការងារអទិភាពមួយដែលសមាគមសិល្បករខ្មែរនៅក្នុងអាណត្តិនេះ បាននិងកំពុងធ្វើយ៉ាងសកម្ម។
លោកជំទាវអ្នកឧកញ៉ាបានគូសរំលេចថា ម្យ៉ាងវិញទៀត ការចូលរួមចំណែកពីមន្ទីរព្យាបាលធ្មេញសន្តិភាព នៅក្នុងការជួយពិនិត្យព្យាបាលបញ្ហាមាត់ធ្មេញ ជូនសិល្បករចាស់ៗដោយឥតគិតថ្លៃ និងមានការបញ្ចុះតម្លៃពិសេស សម្រាប់សមាជិកវ័យក្មេងរបស់សមាគមសិល្បករខ្មែរនៅពេលនេះ ជាឧទាហរណ៍ស្រាប់ បានឆ្លុះបញ្ចាំងពីកម្លាំងសាមគ្គី និងក្តីស្រលាញ់ដ៏ធំធេង ចំពោះវិស័យសិល្បៈវប្បធម៌ដ៏ល្អផូរផង់របស់យើង។ នេះក៏ជាសក្ខីភាពស្តែងឱ្យឃើញកាន់តែច្បាស់ អំពីតួនាទីដ៏សំខាន់របស់វិស័យឯកជនក្នុងការផ្តល់ភាពរីកចម្រើន ថ្កុំថ្កើងដល់វិស័យសិល្បៈវប្បធម៌។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក្នុងនាមប្រធានសមាគមសិល្បករខ្មែរ បានបញ្ជាក់ថា «នាងខ្ញុំពិតជារីករាយ និងមានក្តីរំភើបយ៉ាងខ្លាំង នៅពេលមន្ទីរព្យាបាលធ្មេញសន្តិភាព បានបញ្ជាក់ពីបំណងចូលរួមចំណែកជាមួយសមាគមយើង ដើម្បីគាំទ្រនៅក្នុងសកម្មភាពសង្គមសិល្បៈណាមួយ ពិសេសនៅពេលពួកគេបានលើកឡើងពីបំណងចង់ជួយ និងលើកស្ទួយសិល្បកររៀមច្បង ដែលជាមរតករស់ដ៏មានតម្លៃរបស់ជាតិខ្មែរ»។
តាមរយៈអនុស្សរណៈយោគយល់គ្នានេះ មន្ទីរព្យាបាលធ្មេញសន្តិភាព បានសហការដោយផ្តល់សេវាពិនិត្យ និងព្យាបាលមាត់ធ្មេញឥតគិតថ្លៃដល់សិល្បករចាស់ៗ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សមាជិកវ័យក្មេង របស់សមាគមតាមរយៈការបញ្ចុះតម្លៃពិសេស ក្នុងនាមជាសមាជិករបស់សមាគមសិល្បករខ្មែរ។ ការចូលរួមនេះ មិនត្រឹមតែជាឧទាហរណ៍ នៃការសហការរវាងវិស័យសុខាភិបាល និងវប្បធម៌ទេ ប៉ុន្តែជារូបសញ្ញាដ៏ច្បាស់លាស់នៃស្មារតីសាមគ្គី និងការចែករំលែកទំនួលខុសត្រូវសង្គមរបស់វិស័យឯកជន។
ដោយឡែកលោកស្រី ឃាម ស្រីហ៊ុច ជាអគ្គនាយិការនៃមន្ទីរព្យាបាលធ្មេញសន្តិភាព បានថ្លែងថា តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា រវាងមន្ទីរព្យាបាលធ្មេញសន្តិភាព និងសមាគមសិល្បករខ្មែរនៅពេលនេះ មានគោលបំណងផ្តល់ទៅកាន់សហគមន៍ជាតិ និងសង្គមជាតិ បណ្តុះស្មារតីស្រលាញ់គាំពារ ជួយគ្នាសាមគ្គីភាព និសាងអំពើល្អ។ រស់នៅប្រកបដោយការដឹងគុណ គុណធម៌ សន្តិភាព និងការផ្តល់ឲ្យ និងការចូលចំណងមិត្តភាពជាមួយសមាគមសិល្បករខ្មែរ។ យើងនឹងបន្តបេសកកម្មការព្យាបាល និងតំហែរទាំសុខភាពមាត់ធ្មេញ ជូនដល់សិល្បករ-សិល្បការិនីនៃសមាគមសិល្បករខ្មែរ ពិសេសវីរសិល្បករចូលនិវត្តន៍ ដែលពុំមានលទ្ធភាព អាចទទួលសេវាថែទាំសុខភាពមាត់ធ្មេញពីទន្តពេទ្យដ៏មានជំនាញវិជ្ជាជីវៈនៅពេលនេះបាន។
សូមបញ្ជាក់ថា បើយោងតាមខ្លឹមសារនៃអនុស្សរណ:យោគយល់គ្នា បានបញ្ជាក់ថា មន្ទីរព្យាបាលធ្មេញសន្តិភាពនឹងផ្ដល់ជូននូវសេវាកម្មសិល្បករ-សិល្បការិនីរួមមាន៖
* ផ្តល់ការពិនិត្យ ថែទាំសុខភាពមាត់ធ្មេញ និងពិគ្រោះយោបល់ ព្រមទាំងការសំអាតធ្មេញ ២ដងក្នុង១ឆ្នាំ ដោយឥតគិតថ្លៃ។
* បញ្ចុះតម្លៃ២៥% លើសេវាកម្មទូទៅសម្រាប់សិល្បករខ្មែរ។
* បញ្ចុះតម្លៃ ២៣% លើសេវាកម្មទូទៅសម្រាប់ក្រុមគ្រួសារសាច់ញាតិរបស់សិល្បករខ្មែរ។
* បញ្ចុះតម្លៃ ១០០ដុល្លារលើសេវាកម្ម ពត់ធ្មេញសម្រាប់សិល្បករខ្មែរ។
* ផ្តល់ការព្យាបាលដោយឥតគិតថ្លៃសម្រាប់សិល្បករខ្មែរជើងចាស់ចូលនិវត្តន៍ចំនួន ១០នាក់ និងសិល្បករចំនួន ១០នាក់ក្នុងមួយឆ្នាំ សំរាប់ការព្យាបាលដោយការផ្លាស់ប្តូរ ជាមួយការថតវីដេអូស្តីអំពីការថែរទាំ សុខភាពមាត់ធ្មេញ (សេវាកម្មផ្តល់ជូនមានដូចជា ដកធ្មេញ ដាក់ធ្មេញសេរ៉ាមិច មេតាល់ ដាក់ធ្មេញស្និត ប៉ះធ្មេញ)។
ចំណែកការទទួលខុសត្រូវរបស់សមាគមសិល្បករខ្មែររួមមាន៖
* ជួយផ្សព្វផ្សាយគ្នាទៅវិញទៅមកលើសកម្មភាពសង្គម តាមរយៈការផ្តល់ជូនព័ត៌មានដល់ប្រជាជនកម្ពុជា ក្នុងការផ្សារភ្ជាប់សុខភាពមាត់ធ្មេញ និងសិល្បករខ្មែរ។
* យល់ព្រមឱ្យមន្ទីរព្យាបាលធ្មេញសន្តិភាពដាក់តាំងបង្ហាញ ខិតប័ណ្ណដាក់ប៊ូត ឬដាក់ផ្សព្វផ្សាយអំពីសេវាកម្ម ក្នុងព្រឹត្តិការណ៍របស់ដៃគូសហការដោយឥតគិតថ្លៃ៕