(ភ្នំពេញ)៖ ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះជាលើកទី២ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី៧-១២ ខែកក្កដា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសរុប ២៨គ្រឿង រួមមានមេដាយមាស ៥ ប្រាក់ ១២ និងសំរឹទ្ធ ១១គ្រឿង។
ពិធីបិទព្រឹត្តិការណ៍វាយសីថ្នាក់តំបន់នេះ ធ្វើឡើងក្រោមវត្តមានលោក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា និងលោក Kim Jong Soo ប្រធានសហព័ន្ធកីឡាវាយសីអាស៊ី ព្រមទាំងប្រតិភូ និងអត្តពលិកទាំង ៥ប្រទេស ដែលចូលរួមការប្រកួតនេះ រួមមានមីយ៉ាន់ម៉ា ឡាវ ប្រ៊ុយណេ ទីម័រខាងកើត និងម្ចាស់ផ្ទះកម្ពុជា។
ការប្រកួតនេះ បែងចែកជា ៣ប្រភេទអាយុ គឺអាយុក្រោម ១៥ឆ្នាំ, អាយុក្រោម ១៧ឆ្នាំ និងអាយុក្រោម ២៣ឆ្នាំ ដែលមានវិញ្ញាសាសរុបចំនួន ១៨វិញ្ញាសា ។ ជាលទ្ធផលក្រុមកីឡាវាយសីកម្ពុជា ដណ្ដើមបានមេដាយ ២៨គ្រឿង (មាស ៥ ប្រាក់ ១២ និងសំរឹទ្ធ ១១) ខណៈមីយ៉ាន់ម៉ា ឈរលេខ១ ដណ្ដើមបានមេដាយសរុប ២២គ្រឿង (មាស ១២ ប្រាក់ ៣ និងសំរឹទ្ធ ៧)។ រីឯឡាវ ឈរលេខ៣ ឈ្នះមេដាយសរុប ១១គ្រឿង (មាស ១ ប្រាក់ ៣ និងសំរឹទ្ធ ៧), ទីម័រខាងកើត ឈរលេខ៤ ឈ្នះមេដាយសំរឹទ្ធ ៥គ្រឿង និងប្រ៊ុយណេ ឈរលេខ៥ ឈ្នះមេដាយសំរឹទ្ធ ៤គ្រឿង។
ថ្លែងក្នុងពិធីបិទការប្រកួតខាងលើ លោក លី កុសល មានប្រសាសន៍ថា នេះគឺជាកំណត់ត្រាប្រវត្តិសាស្ដ្រថ្មី ដែលកម្ពុជាបានធ្វើម្ចាស់ផ្ទះជាលើកទី២ បន្ទាប់ពីទទួលបានការគាំទ្រពីសហព័ន្ធកីឡាវាយសីអាស៊ី និងថវិកាភាគទានរបស់សហព័ន្ធជាតិ ក៏ដូចជាការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក្រោមម្លប់នៃសន្ដិភាព ដែលជំរុញឲ្យព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យយ៉ាងត្រចះត្រចង់
លោកបន្ដថា ឆ្លងកាត់ការប្រកួតជិត ១សប្ដាហ៍កន្លងមក បានបង្ហាញឲ្យឃើញថា កីឡាករ-កីឡាការិនីទាំងអស់ បានបង្ហាញនូវភាពក្លាហានឆន្ទៈ មោះមុត ការតាំងចិត្តខ្ពស់ក្នុងការប្រកួតគ្រប់វិញ្ញាសាយ៉ាងស្វិតស្វាញ ដើម្បីដណ្តើមយកមេដាយជូនជាតិរបស់ខ្លួន។ ចុងក្រោយគណៈកម្មការបានរកឃើញកីឡាករ-កីឡាការិនី ដែលមានទេពកោសល្យខ្ពស់ និងអ្នកនៅមានកម្រិតយ៉ាងពិតប្រាកដ តាមរយៈលទ្ធផលជាក់ស្តែង ។ ក្នុងនោះលោកក៏បានអបអរសាទរចំពោះអ្នកទទួលបានជយលាភី និងជំរុញឲ្យអ្នកពុំទទួលបានមេដាយ បន្ដខំប្រឹងហាត់ដើម្បីត្រៀមការប្រកួតបន្ដបន្ទាប់ទៀតផងដែរ។
លោក លី កុសល បន្ថែមទៀតថា «ថ្វីត្បិតការប្រកួត បានបញ្ចប់ក៏ពិតមែន ប៉ុន្តែកិច្ចសហការ សាមគ្គីភាព មិត្តភាពដ៏ស្អិតរមួត អនុស្សាវរីយ៍ល្អៗជាច្រើន ដែលសាងឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានបន្សល់ទុកនូវស្នាមញញឹម ភាពរស់រាយរាក់ទាក់ មនោសញ្ចេតនានៃក្តីស្រឡាញ់រាប់អានដ៏ ជ្រាលជ្រៅ រវាងកីឡាករ-កីឡាការិនី និងប្រតិភូនៃប្រទេសទាំង៥ ក្នុងសហគមន៍អាស៊ីអាគ្នេយ៍ នៅតែដិតជាប់ក្នុងអារម្មណ៍របស់យើងទាំងអស់គ្នាឲ្យចង់ចាំជានិច្ចទោះបីត្រូវចាកចេញទៅប្រទេសរៀងៗខ្លួននៅថ្ងៃស្អែកនេះក៏ដោយ ។ ខ្ញុំសង្ឃឹមថា យើងនឹងអាចបានជួបគ្នាសារជាថ្មីនៅចុងឆ្នាំ២០២៦ ប្រសិនបើកម្ពុជានឹងត្រូវបានធ្វើជាម្ចាស់ផ្ទះម្តងទៀត»៕