(បរទេស)៖ យោងតាមរបាយការណ៍ថ្មីៗនេះ ក្រុមហ៊ុន SpaceX ដែលជាក្រុមហ៊ុនមួយទៀតរបស់លោក Elon Musk បានយល់ព្រមបោះទុនវិនិយោគ ២ ពាន់លានដុល្លារអាម៉េរិក នៅក្នុងក្រុមហ៊ុន AI (បញ្ញាសិប្បនិម្មិត) របស់លោកគឺ xAI។ ននេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Wall Street Journal នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។

ការវិនិយោគដ៏ធំនេះ គឺជាផ្នែកមួយនៃគម្រោងរៃអង្គាសមូលធន ៥ ពាន់លានដុល្លារអាម៉េរិករបស់ xAI ហើយត្រូវបានគេមើលឃើញថា ជាការជំរុញមួយដើម្បីបង្កើនការប្រកួតប្រជែងរបស់ខ្លួន នៅក្នុងវិស័យ AI ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសប្រឆាំងនឹងគូប្រជែងដូចជា OpenAI ជាដើម។

ការអភិវឌ្ឍន៍នេះ រឹតតែធ្វើឱ្យចំណងទាក់ទងគ្នារវាងបណ្តាក្រុមហ៊ុនផ្សេងៗរបស់លោក Musk កាន់តែស៊ីជម្រៅ ជាពិសេសបន្ទាប់ពីក្រុមហ៊ុន xAI បានច្របាច់បញ្ចូលគ្នាជាមួយ X (អតីត Twitter) កាលពីដើមឆ្នាំនេះ។ ក្រុមហ៊ុន xAI ដែលកំពុងអភិវឌ្ឍ chatbot មួយដែលមានឈ្មោះថា Grok ហើយត្រូវបានគេរាយការណ៍ថា កំពុងចំណាយប្រាក់យ៉ាងច្រើន សម្រាប់ការបណ្តុះបណ្តាលគំរូ និងហេដ្ឋារចនាសម្ព័ន្ធ AI ហើយការចាក់បញ្ចូលទុនថ្មីពី SpaceX នេះ ត្រូវបានគេរំពឹងថា នឹងជួយជំរុញផែនការរីកចម្រើនដ៏មហិច្ឆតារបស់ខ្លួន៕