(ញូយ៉ក)៖ ជំនួបដ៏ជក់ចិត្តនឹងរំកិលមកដល់នាម៉ោង ២យប់រំលងអាធ្រាត្រនេះរវាង Paris Saint Germain របស់បារាំង ទល់នឹងតោខៀវ Chelsea របស់អង់គ្លេស ដើម្បីដណ្តើមពាន FIFA Club World Cup 2025 ដែលមានសហរដ្ឋអាមេរិកធ្វើម្ចាស់ផ្ទះ។

នេះជាការជួបគ្នាលើកទី៩ សម្រាប់ក្រុមខ្លាំងនៅអឺរ៉ុបទាំងពីរ ក្រោយឆ្លងកាត់ ៨ប្រកួតកន្លងមកឃើញថា PSG លេងឈ្នះ ៣ដង ស្មើ ៣ដង និងចាញ់ ២ដង។

គួរជម្រាបផងដែរ ក្រុមអ្នកមានប្រចាំទីក្រុង Paris បានឡើងមកលេងវគ្គចែកពូល ៣២ក្រុមលើកដំបូងស្ថិតក្រោមការរៀបចំសហព័ន្ធ FIFA ក្នុងនាមជាក្រុមមានចំណាត់ថ្នាក់ខ្ពស់ជាងគេដែលត្រូវបានកត់ត្រាទុកដោយ UEFA កាលឆ្នាំ២០២០ ដែលពួកគេបានឈានមកដល់ផ្តាច់ព្រ័ត្រ Champions League គ្រាដែលគូប្រជែង Chelsea វិញ ក្នុងនាមជាជើងឯកប្រចាំទ្វីបអឺរ៉ុបកាលឆ្នាំ២០២១។

នេះជាលើកផងដែរដែលខ្លាំងប្រចាំ ២ប្រទេសផ្សេងគ្នាជួបគ្នាក្នុងវគ្គដណ្តើមពានបែបនេះ ស្របពេល PSG ជាម្ចាស់ជើងឯក UCL រដូវកាល ២០២៤-២៥ ហើយ Chelsea វិញ ជាម្ចាស់ជើងឯកអឺរ៉ុបកម្រិតទី៣ ECL។

ក្រុមទាំងពីរសុទ្ធតែធ្វើបានល្អដូចគ្នា ក្នុងចំណោម ៦ប្រកួតតាំងពីវគ្គសន្សំពិន្ទុក្នុងពូល និងជាលើកដំបូងផងដែរចំពោះ PSG ដែលឡើងដល់ផ្តាច់ព្រ័ត្រ ស្ថិតក្រោមការដឹកនាំដោយលោក Luis Enrique ដែលធ្លាប់ឈ្នះ Club World Cup កាលដឹកនាំ FC Barcelona ក្នុងឆ្នាំ២០១៥ នៅពេល Chelsea ឈ្នះពានកម្រិតអន្តរទ្វីបនេះកាលឆ្នាំ២០២១ និងរងជើងឯក ១លើកផងដែរ។

៣ប្រកួតពីវគ្គចាញ់-ធ្លាក់ Chelsea បានទម្លាក់ Benfica និងក្រុមខ្លាំងមកពីតំបន់អាមេរិកឡាទីន Palmeiras និង Fluminense នៅពេល PSG ទម្លាក់សុទ្ធតែក្រុមខ្លាំងមានដូចជា ម្ចាស់ផ្ទះ Inter Miami CF ដែលមាន Lionel Messi និង Bayern Munich និងក្រោយមកទៀត អតីតជើងឯក ៥សម័យច្រើនជាងគេ Real Madrid ទៀតផង៕