(បរទេស)៖ ក្រុមហ៊ុន Panasonic Holdings គ្រោងនឹងពន្យារពេលផែនការរបស់ខ្លួនក្នុងការបង្កើនសមត្ថភាពផលិតអាគុយរថយន្តអគ្គិសនី (EV) នៅរោងចក្រថ្មីក្នុងសហរដ្ឋអាមេរិក។ ការសម្រេចចិត្តនេះ ធ្វើឡើងដោយសារតែក្រុមហ៊ុន Tesla ដែលជាអតិថិជនសំខាន់របស់ខ្លូន កំពុងប្រឈមមុខនឹងការលក់ធ្លាក់ចុះ។ នេះបើយោងតាមកាសែត Nikkei និងត្រូវបានចុះផ្សាយដោយ CNA នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។
កាសែត Nikkei បានឱ្យដឹងទៀតថា Panasonic នឹងមិនសម្រេចបានគោលដៅផលិតកម្មពេញលេញនៅរោងចក្ររដ្ឋ Kansas ដែលមានតម្លៃ ៤ ពាន់លានដុល្លារនោះទេ ត្រឹមខែមីនា ឆ្នាំ២០២៧ ដូចការគ្រោងទុកដំបូងឡើយ។
រោងចក្រនៅរដ្ឋ Kansas នេះ គឺជារោងចក្រផលិតអាគុយខ្នាតធំទីពីររបស់ Panasonic នៅសហរដ្ឋអាមេរិក បន្ទាប់ពីមួយទៀតនៅរដ្ឋ Nevada ហើយត្រូវបានគេរំពឹងថានឹងចាប់ផ្តើមផលិតកម្មទ្រង់ទ្រាយធំក្នុងពេលឆាប់ៗនេះ។ យ៉ាងណាមិញ ក្រុមហ៊ុន Panasonic មិនទាន់បានកំណត់កាលបរិច្ឆេទថ្មីសម្រាប់ការឈានដល់សមត្ថភាពផលិតកម្មពេញលេញ ៣០ ជីហ្គាវ៉ាត់ម៉ោងនៅឡើយទេ។
គួរជម្រាបថា ការធ្លាក់ចុះនៃការលក់រថយន្ត Tesla បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ផែនការរបស់ Panasonic។ បញ្ហាប្រឈមរបស់ Tesla រួមមានជម្លោះជាសាធារណៈរបស់នាយកប្រតិបត្តិ (CEO) លោក Elon Musk ការបញ្ចប់ឥណទានពន្ធ EV នៅសហរដ្ឋអាមេរិក និងការធ្លាក់ចុះនៃការលក់ដោយសារម៉ូដែលរថយន្តចាស់ៗ។ បច្ចុប្បន្ន ក្រុមហ៊ុន Panasonic មិនទាន់ធ្វើអត្ថាធិប្បាយភ្លាមៗលើព័ត៌មាននេះទេ៕