(បរទេស)៖ ក្លិបបាល់ទាត់ Fiorentina បានប្រកាសតែងតាំងលោក Stefano Pioli ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេឡើងវិញ ក្រោយពេលបុរសវ័យ ៥៩ឆ្នាំរូបនេះ ទើបតែបានចែកផ្លូវជាមួយ Al-Nassr កាលពីខែមុន។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

សមាជិកលេងនៅ Serie A របស់អ៉ីតាលីបច្ចុប្បន្ន បានផ្តល់កិច្ចសន្យាដល់លោក Pioli រយៈពេល ៣ឆ្នាំ នៅពេលរូបលោកបានចំណាយពេលដឹកនាំក្លិបនៅអារ៉ាប៊ីសាអូឌីត ដោយមានកូនក្រុម Cristiano Ronaldo មិនដល់ ១ឆ្នាំស្រួលបួលផងនោះ។

លោក Pioli ត្រូវបានជំនួសតំណែងលោក Raffaele Palladino ដែលបានលាឈប់ភ្លាមៗ បន្ទាប់ពីតកិច្ចសន្យាថ្មីត្រឹមតែខែឧសភា ឆ្នាំ២០២៥ មក។

អតីតខ្សែការពារ Pioli ធ្លាប់បានលេង ១៥៦ប្រកួតជាមួយ Fiorentina នៅចន្លោះឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៥ និងដឹកនាំក្លិបនេះពីចន្លោះឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ មុនពេលទៅដឹកនាំក្លិបរួមលីគរបស់អ៉ីតាលី AC Milan ដណ្តើមបានជើងឯក Serie A នៃរដូវកាល ២០២១-២២ ក្នុងរយៈពេល ៤ឆ្នាំកន្លះ មុនពេលលាឈប់ទៅដឹកនាំក្លិបលេងនៅ Saudi Pro League។

Fiorentina បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦ ក្នុងលីគរដូវកាលមុន ដែលទើបចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធ និងអតីតប្រធានក្រុមជម្រើសជាតិបូស្នី Edin Dzeko កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ស្ថិតក្នុងវ័យ ៣៩ឆ្នាំ៕