(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang នឹងធ្វើសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងនៅថ្ងៃទី ១៦ ខែកក្កដា។ នេះជាដំណើរទស្សនកិច្ចលើកទីពីររបស់លោកទៅកាន់ប្រទេសចិន បន្ទាប់ពីដំណើរកាលពីខែមេសា ដែលលោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃទីផ្សារចិន។ នេះបើយោងតាមការ​ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។

ចាប់តាំងពីឆ្នាំ ២០២២ មក រដ្ឋាភិបាលសហរដ្ឋអាមេរិកបានដាក់កម្រិតលើការនាំចេញបន្ទះឈីបកម្រិតខ្ពស់បំផុតរបស់ Nvidia ទៅកាន់ប្រទេសចិន ដោយលើកឡើងពីក្តីបារម្ភចំពោះការប្រើប្រាស់ផ្នែកយោធា។ សហរដ្ឋអាមេរិកក៏បានដាក់បម្រាមកាលពីដើមឆ្នាំនេះ លើការលក់បន្ទះឈីបបញ្ញាសិប្បនិម្មិត H20 របស់ Nvidia ទៅកាន់ប្រទេសចិន ដែលជាបន្ទះឈីប AI ដ៏មានឥទ្ធិពលបំផុតរបស់ Nvidia ដែលត្រូវបានអនុញ្ញាតឱ្យលក់នៅប្រទេសចិន។

ដំណើរទស្សនកិច្ចរបស់លោក Huang ត្រូវបានគេតាមដានយ៉ាងយកចិត្តទុកដាក់ ដោយមានសមាជិកព្រឹទ្ធសភាអាមេរិកបានផ្ញើលិខិតមួយស្នើសុំឱ្យលោកចៀសវាងការជួបជាមួយក្រុមហ៊ុន ឬអង្គភាពណាដែលធ្វើការជាមួយស្ថាប័នយោធា ឬស៊ើបការណ៍សម្ងាត់របស់ចិន ឬដែលមានឈ្មោះក្នុងបញ្ជីហាមឃាត់ការនាំចេញរបស់សហរដ្ឋអាមេរិក។ ទោះបីជាមានការប្រកួតប្រជែងពី Huawei និងក្រុមហ៊ុនផលិត GPU ផ្សេងទៀតក៏ដោយ ក៏ក្រុមហ៊ុនចិននៅតែចង់បានបន្ទះឈីបរបស់ Nvidia ដោយសារតែវេទិកាកុំព្យូទ័រ CUDA របស់ក្រុមហ៊ុននេះ។

គួរជម្រាបថា​ ប្រទេសចិនគឺជាទីផ្សារដ៏សំខាន់សម្រាប់ Nvidia ដោយបានបង្កើតចំណូល ១៧ ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធចុងក្រោយ ដែលស្មើនឹង ១៣% នៃទំហំលក់សរុបរបស់ក្រុមហ៊ុន។ លោក Huang តែងតែគូសបញ្ជាក់ថា ចិនជាទីផ្សារសំខាន់សម្រាប់ការរីកចម្រើនរបស់ Nvidia។ កាលពីសប្តាហ៍មុន តម្លៃទីផ្សាររបស់ Nvidia បានកើនលើស ៤ ពាន់ពាន់លានដុល្លារជាលើកដំបូង ដោយពង្រឹងជំហររបស់ក្រុមហ៊ុននេះជាតួអង្គសំខាន់នៅក្នុងការប្រកួតប្រជែងដើម្បីគ្រប់គ្រងបច្ចេកវិទ្យា AI៕