(អឺរ៉ុប)៖ ម្ចាស់ជើងឯកពានក្លិបអន្តរទ្វីប FIFA Club World Cup 2025 ក្រុមតោខៀវ Chelsea នឹងមានផ្លាកសញ្ញា (World Champions) នៅលើអាវរបស់ពួកគេសម្រាប់រយៈពេល ៤ឆ្នាំខាងមុខ ដើម្បីកំណត់សម្គាល់ថាជាក្រុមជើងឯកពាននេះដំបូងគេ ដែលមានន័យថារហូតដល់ព្រឹត្តិការណ៍លេង ៤ឆ្នាំម្តងនេះ ចាប់ផ្តើមនៅឆ្នាំ២០២៩ ។
បញ្ចាក់ផងថា ក្រុម Chelsea បានក្លាយជាក្លិបដំបូងគេ ជាម្ចាស់ជើងឯកពាន FIFA Club World Cup 2025 ក្នុងទម្រង់លេងថ្មី ៣២ក្រុមនេះ ក្រោយយកឈ្នះក្រុម Paris Saint Germain ៣-០ ដែលរៀបចំនៅទឹកដីសហរដ្ឋអាមេរិក ។
ក្រុមដឹកនាំដោយ Enzo Maresca ក៏ក្រសោបបានទឹកប្រាក់រង្វាន់សរុប ១២៥លានដុល្លារ ជាមួយគ្នានោះកូនក្រុម Cole Palmer ឈ្នះពាន Best Player និងអ្នកចាំទី Robert Sanchez ឈ្នះពាន Best goalkeeper ។
សូមជម្រាបផងថា Club World Cup 2025 គឺរៀបចំការប្រកួតលើទម្រង់លេងថ្មី ៣២ក្រុម ដូចទៅនឹងការប្រជែងពាន FIFA World Cup នាពេលកន្លងមក ។ ការប្រកួតនេះ គឺប្រមូលផ្តុំម្ចាស់ជើងឯកកម្រិតទ្វីប និងក្លិបដែលមានចំណាត់ថ្នាក់ខ្ពស់មកពីជុំវិញពិភពលោកចូលរួមប្រកួត ហើយជ័យជម្នះដ៏គួរឲ្យកត់សម្គាល់របស់ក្លិបតោខៀវ Chelsea ក៏ត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្របាល់ទាត់ ៕