(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាវៀតណាម CMC Corp. បានប្រកាសនៅថ្ងៃចន្ទនេះថា ខ្លួនទទួលបានការអនុម័តពីអាជ្ញាធរទីក្រុងហូជីមិញ ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យ Hyperscale ដ៏ធំមួយមានតម្លៃ ២៥០ លានដុល្លារ។ មជ្ឈមណ្ឌលនេះនឹងមានសមត្ថភាពដំបូង ៣០ មេហ្គាវ៉ាត់ (MW) ហើយអាចពង្រីកដល់ ១២០ មេហ្គាវ៉ាត់ (MW) នៅពេលក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។
ការវិនិយោគនេះឆ្លុះបញ្ចាំងពីតម្រូវការដ៏ខ្លាំងក្លាសម្រាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅក្នុងប្រទេសវៀតណាម ដោយសារកំណើនទិន្នន័យយ៉ាងឆាប់រហ័ស និងតម្រូវការសម្រាប់សេវាកម្ម Cloud Computing និង AI។ CMC ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) ដ៏ធំលំដាប់ទីពីរនៅវៀតណាម មានមជ្ឈមណ្ឌលទិន្នន័យ Tier 3 (ស្តង់ដារគុណភាពខ្ពស់) ចំនួន ៣ កន្លែងរួចហើយនៅហាណូយ និងទីក្រុងហូជីមិញ ហើយការបន្ថែមមជ្ឈមណ្ឌលថ្មីនេះនឹងពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការគាំទ្រដល់ការផ្លាស់ប្តូរឌីជីថលរបស់ប្រទេស។
គួរជម្រាបថា ការសាងសង់មជ្ឈមណ្ឌលទិន្នន័យ Hyperscale នេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ CMC ក្នុងការក្លាយជាក្រុមហ៊ុនឌីជីថលលំដាប់ពិភពលោក និងជាអ្នកផ្តល់ដំណោះស្រាយបច្ចេកវិទ្យាឈានមុខគេ។ វានឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់វៀតណាម ស្របពេលដែលរដ្ឋាភិបាលក៏មានគោលការណ៍តម្រូវឱ្យក្រុមហ៊ុនរក្សាទុកទិន្នន័យក្នុងស្រុកផងដែរ៕