(ភ្នំពេញ)៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែកក្កដានេះ បានចេញដំណើរទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមប្រកួតពានរង្វាន់ ASEAN U23 Mandiri Cup 2025 ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៥-៣១ ខែកក្កដាខាងមុខនេះ ។

ខណៈបើកឆាកថ្ងៃទី១៦ ខែកក្កដានេះ ប៉ះក្រុមឡាវ មុនជួបវៀតណាម នៅថ្ងៃទី២២ ខែដដែលនេះ។ យុទ្ធនាការប្រកួតជើងឯកយុវជនប្រចាំតំបន់អាស៊ានខាងលើ ដឹកនាំដោយគ្រូបង្វឹកលោក Koji Gyotoku ជាមួយកីឡាករ ២៣នាក់ ដែលបានចម្រាញ់ចេញពីការធ្វើតេស្ដ និងប្រមូលផ្ដុំហ្វឹកហាត់ជាច្រើនសប្ដាហ៍កន្លងមក ក្នុងនោះមាន៖ អ្នកចាំទី៖ កីឡាករ រុន ចុងមីង មកពីឡាយហ្វខេត្តព្រះសីហនុ, រ៉េត លីហេងមកពីណាហ្គាវើលដ៏ និង ម៉ាត់ ឡានី មកពីសមាគមន៍កីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។

ខ្សែការពារ៖ កីឡាករ អឹម វ៉ាឃឹម និង ទាំ មករា មកក្លិបបាល់ទាត់អង្គរថាយហ្គឺរ, សំអុល ទីណា មកពីក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ, វ៉ន វីត មកពីក្លិបឡាយហ្វខេត្តព្រះសីហនុ, ហួត វ៉ាន់ណេត និង ផាត សុខា មកពីក្លិបបាល់ទាត់ណាហ្គាវើលដ៍, វ៉ន ផល្លា និង យ៉ង់ ភូមិន្ទ មកសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ និងកីឡាករ ឡេង ណូរ៉ា មកពីវិសាខា។

ខ្សែបម្រើ៖ កីឡាករ លីម លោកថុង មកពីក្លិប Auckland United, អ៊ុក ដេវីន មកពីក្លិបបាល់ទាត់ឡាយហ្វូខេត្តព្រះសីហនុ, ជូ ស៊ីនទី មកពីក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង, គង់ លីហ៊ួរ និង ស៊ិន សុវណ្ណមករា មកពីវិសាខា។

ខ្សែប្រយុទ្ធ៖ កីឡាករ ចាន់ វិបុលដាវីឌ មកពីក្លិបបាល់ទាត់អង្គរថាយហ្គឺរ, ហាវ សុខនេត្រ និង សួន មករា មកពីក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ, ស៊ូ ម៉េងហុង មកពីសាលាកីឡាបាល់ទាត់ជាតិ, ខន ណារ៉ង់ មកពីសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ និង ម៉ុន រ៉ាដូ មកពីវិសាខា។

សម្រាប់ការប្រកួតជើងឯកយុវជន U23 ប្រចាំតំបន់អាស៊ាន ដែលឥណ្ឌូនេស៊ីធ្វើម្ចាស់ផ្ទះនេះដែរ គឺមាន ១០ក្រុមចូលរួម និងបែងចែកជា ៣ពូល ខណៈក្រុមគោព្រៃជំទង់កម្ពុជា ស្ថិតក្នុងពូល B ជាមួយវៀតណាម និងក្រុមឡាវ គ្រាដែលពូល A មានម្ចាស់ផ្ទះឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងប្រ៊ុយណេ និងពូល C មាន ៣ក្រុម គឺមីយ៉ាន់ម៉ា ទីម័រខាងកើត និងថៃ៕