(សៀមរាប​)៖ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុល និងពង្រឹងប្រាសាទឥដ្ឋ ប្រាង្គទី៩ ក្នុងកំពែងទី៣នៃប្រាសាទបាគង បន្ទាប់ពីពិនិត្យឃើញប្រាង្គប្រាសាទឥដ្ឋនេះ មានភាពខូចខាតធ្ងន់ធ្ងរ រចនាសម្ពន្ធប្រាង្គទាំងមូលទ្រុឌទ្រោមខ្លាំង គ្រឹះស្រុតនិងជញ្ជាំងប្រេះហែក ដែលមានហានិភ័យខ្ពស់ដល់ភ្ញៀវទេសចរ។

លោក សារាយ គឹមហួល ប្រធានក្រុមអភិរក្សតំបន់រលួស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងនេះបានចាប់ផ្តើមតាំងពីអំឡុងខែឧសភាឆ្នាំ២០២៥មក គឺក្រុមអ្នកជំនាញបានធ្វើការជួសជុលពង្រឹងប្រាសាទឥដ្ឋប្រាង្គទី៩ ក្នុងកំពែងទី៣នៃប្រាសាទបាគងនេះឡើងវិញ។

លោកជម្រាបជូនថា រចនាសម្ពន្ធប្រាសាទឥដ្ឋនេះ បានខូចខាតយ៉ាងធ្ងន់ធ្ងរ ជញ្ជាំងប្រាសាទបានហែកជា៤បំណែកធំៗ ប្រឈមនឹងហានិភ័យខ្ពស់ ដោយសារកត្តាពេលវេលា សំណង់មានសភាពចាស់ជរា ទ្រុឌទ្រោមខ្លាំង និង ប្រឈមការប្រែប្រួលអាកាសធាតុជាដើម។ល។ ដូច្នេះអ្នកជំនាញបានធ្វើការទល់ទ្រ នៅជញ្ជាំងផ្នែកខាងលិច និងខាងជើង។

ចំណែកផ្នែកខាងក្នុងនៃប្រាសាទ ត្រូវធ្វើឆ្អឹងដែក ដើម្បីពង្រឹងរចនាសម្ពន្ធប្រាង្គ ដែលនៅសេសសល់ឱ្យរឹងមាំឡើងវិញ ក្រៅពីនេះក៏ចាប់ផ្តើមជួសជុលពង្រឹងគ្រឹះ និងជញ្ជាំងដែលប្រេះហែក និងពុកផុយឱ្យរឹងមាំឡើងវិញ។ បច្ចេកទេសគឺដាប់យកឥដ្ឋ ដែលខូចគុណភាពចេញ រួចរៀបជំនួសវិញ នូវឥដ្ឋថ្មីដែលមានគុណភាពល្អ អាចទ្រទ្រង់ជញ្ជាំងបន្តទៀតបាន។

មកដល់បច្ចុប្បន្នកិច្ចការជួសជុលសម្រេចបានលទ្ធផល៣៥ភាគរយហើយ ដោយបានបែងចែកការងារជាពីរដំណាក់ គឺដំណាក់កាលទី១ ពង្រឹងទល់ទ្រជញ្ជាំងផ្នែកខាងលិច និងរៀបចំជាឆ្អឹងដែកផ្នែកខាងក្នុង។ បន្ទាប់មកដំណាក់កាលទី២ គឺការជួសជុលជញ្ជាំងឥដ្ឋ។ អ្នកជំនាញរំពឹងថា ការជួសជុលប្រាសាទនេះ អាចនិងបញ្ចប់នៅចុងឆ្នាំ២០២៥ខាងមុខ។

សូមជម្រាបថា ប្រាសាទឥដ្ឋ ព័ទ្ធជុំវិញកសិន្ធុប្រាសាទបាគង មានសរុបចំនួន២២ប្រាសាទ ដោយប្រាសាទខ្លះ បានរងការខូចខាតស្ទើតែមិនសេសសល់រូបរាង។ ចំណែកប្រាសាទដែលនៅមានរូបរាង អាជ្ញាធរជាតិអប្សរាបានថែទាំ អភិរក្សជាបន្តបន្ទាប់ ដើម្បីថែរក្សាមរតកបេតិកភណ្ឌជាតិ ឱ្យបានគង់វង្សសម្រាប់មនុស្សជាតិ។

ជាក់ស្តែងកន្លងមកអាជ្ញាធរជាតិអប្សរា បានជួសជុលប្រាសាទឥដ្ឋចំនួន៧ ជញ្ជាំងខឿនថ្មភក់ចំនួន១ ជួសជុលតោនិងកម្រាលចំនួន១ ជួសជុលពង្រឹងដំរីនិងកម្រាលចំនួន១ ជួសជុលបង្គោលសីមា ផ្លូវចូលខាងកើត និងពង្រឹងការពារបណ្តោះអាសន្នចំនួន៤ទីតាំងទៀត នៅជុំវិញប្រាសាទបាគង៕