(បរទេស)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងជាស្ថាបនិកក្រុមហ៊ុនបញ្ញាសិប្បនិម្មិត xAI លោក Elon Musk បានថ្លែងនៅថ្ងៃចន្ទដើមសប្តាហ៍នេះថា លោកមិនគាំទ្រការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនទាំងពីរនេះឡើយ។ ការបញ្ជាក់នេះបានកើតឡើងបន្ទាប់ពីអ្នកប្រើប្រាស់ X ម្នាក់បានសួរអ្នកវិនិយោគ Tesla ថាតើពួកគេគាំទ្រការរួមបញ្ចូលគ្នានេះដែរឬអត់ ខណៈដែលលោក Musk បានឆ្លើយយ៉ាងខ្លីថា «ទេ»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។
យ៉ាងណាមិញ នៅថ្ងៃអាទិត្យលោក Musk បាននិយាយថា លោកនឹងស្នើសុំអ្នកកាន់ភាគហ៊ុន Tesla បោះឆ្នោតថាតើ Tesla អាចវិនិយោគលើ xAI បានដែរឬទេ បន្ទាប់ពីលោកធ្លាប់បានលើកឡើងថា «វាពិតជាល្អណាស់» បើ Tesla អាចធ្វើដូច្នេះបាន។
xAI ដែលជាម្ចាស់កម្មវិធី Grok chatbot និងជាគូប្រជែងជាមួយ ChatGPT របស់ OpenAI នោះបានទិញ X (អតីត Twitter) ដែលជាកម្មសិទ្ធិរបស់ Musk ផងដែរ ក្នុងកិច្ចព្រមព្រៀងតម្លៃ ៣៣ ពាន់លានដុល្លារក្នុងខែមីនាឆ្នាំនេះ ដែលធ្វើឱ្យក្រុមក្រុមហ៊ុនរួមបញ្ចូលគ្នានេះមានតម្លៃរហូតដល់ ៨០ ពាន់លានដុល្លារ នៅពេលនោះ។ យ៉ាងណាមិញ ប្រភពព័ត៌មានបានប្រាប់ Reuters កាលពីខែមិថុនាថា xAI កំពុងពិភាក្សាដើម្បីរៃអង្គាសប្រាក់មានតម្លៃជាង ១២០ ពាន់លានដុល្លារ ខណៈការវាយតម្លៃខ្ពស់ដល់ ២០០ ពាន់លានដុល្លារក៏ត្រូវបានពិភាក្សាផងដែរ។
ស្របពេលជាមួយគ្នា The Wall Street Journal បានរាយការណ៍កាលថា ក្រុមហ៊ុន SpaceX របស់ Musk បានប្តេជ្ញាវិនិយោគ ២ ពាន់លានដុល្លារទៅក្នុង xAI ដែលជាផ្នែកមួយនៃការបង្កើនដើមទុនសរុប ៥ ពាន់លានដុល្លារ។ ក្រុមហ៊ុន Tesla និង xAI មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពី Reuters នោះទេ៕